(ស្ទឹងត្រែង)៖ មន្ដ្រីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង មួយក្រុមមានគ្នា២នាក់ ត្រូវបានអ្នករកស៊ីដឹកឈើចោទថា បានគំរាមទារប្រាក់ចំនួន២៥០ដុល្លារ ជាថ្នូរនឹងការដោះលែងរថយន្តដឹកឈើចំនួន៣គ្រឿង នៅ​​ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចអូរលាងគ្រោះ ស្ថិតក្នុងភូមិអូរលាងគ្រោះ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។

អ្នករកស៊ីដឹកឈើបានឲ្យដឹងថា ពួកគាត់បានដើរទិញឈើគ្រឿងផ្ទះ ពីប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៧៨ ដើម្បីដឹកយកទៅលក់បានកម្រៃខ្លះ សល់ពីរត់ការឲ្យសមត្ថកិច្ចតាមដងផ្លូវ​​ គ្រាន់ដោះស្រាយក្នុងគ្រួសារ និងបង់ធនាគារដែលគេជំពាក់ខ្ចីយកមករកស៊ី។

អ្នករកស៊ីដឹកឈើបានបន្តថា ក្រោយពីរថយន្តដឹកឈើរបស់គាត់ទាំង៣គ្រឿង ចេញដំណើរមកដល់ចំណុចខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីហើម ពណ៌​សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2A-173​6 ជិះគ្នា២នាក់ម្នាក់ឈ្មោះ សាម តុលា ស្ពាយកាំភ្លើង AK និងម្នាក់ទៀតឈ្មោះ ខួច​ អ្នកបើកដេញតាមរថយន្តរបស់គាត់ស្ទាក់ពីមុខ ហើយចុះពីលើរថយន្តមកគំរាមបាញ់។

បន្ទាប់មកម្នាក់បានចេញមុខចរចាតែឈ្មោះ សាម តុលា ទារក្នុងតម្លៃខ្ពស់ ហើយចុងក្រោយបានចរចានៅត្រឹមតម្លៃ២៥០ដុល្លារ ជាថ្នូរក្នុងការដោះលែងរថយន្តដឹកឈើ ដែលមន្ដ្រីនគរបាលមួយក្រុមនេះ ជានគរបាលការិយាល័យប្រឆាំងគ្រឿងញៀ ​នៃស្នងការនគបាលខេត្តស្ទឹងត្រែង គេមានតួនាទីបង្ក្រាបករណីគ្រឿងញៀន តែបែរជាដើរទារលុយពីរថយន្តដឹកឈើ និងគំរាមទារលុយពីរថយន្តដឹកឈើទៅវិញ។

អ្នករកស៊ីដឹកឈើបាននាំគ្នានិយាយថា ប៉ូលីសមួយក្រុមនេះ បានជិះរថយន្តចំនួន២គ្រឿង មួយគ្រឿងម៉ាកកាមរីហើម និងមួយគ្រឿងទៀតម៉ាកហាយប៊្រិត ពណ៌ស មានគ្នា៣នាក់ ម្នាក់ឈ្មោះ សាម តុលា, ឈ្មោះ ខួច ​ដឹកនាំ​ដោយ​ឈ្មោះ ស៊ុ ចន្ទី ជាប៉ូលិសប្រឆាំងគ្រឿងញៀន។ ពួកគេថា ចុះស្រាវជ្រាវបទល្មើសគ្រឿងញៀន ហើយតាមការពិត គឺក្រុមនេះ​តែងតែធ្វើសកម្មភាព​នៅតាមដងផ្លូវជាតិលេខ៧ និងផ្លូវលេច៧៨ ទារលុយពីរថយន្តដឹកឈើ​ ហើយបើសិនគេមិនរត់ការ ត្រូវគំរាមដូចរថយន្តខាងលើនោះអញ្ចឹងហើយ ហើយ​ឈ្មោះ​ ស៊ុ ចន្ទី ជាមេក្រុមត្រូវបានគេរាយការណ៍ថា ទាំងកាងឈើ និងមើលផ្លូវឲ្យឈ្មួញទៀតផង។

ពាក់ព័ន្ធក្នុងករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មាន​ប្រចាំខេត្តស្ទឹងត្រែង បានទូរស័ព្ទទៅឈ្មោះ សាម តុលា សុំការបំភ្លឺក្នុងករណីខាងលើនេះ លោកបានឆ្លើយថា ពិតជាឈ្មោះ សាម តុលា ប៉ូលីសប្រឆាំងគ្រឿងញៀនមែន តែលោកមិនបានពាក់ព័ន្ធក្នុងករណីនេះទេប្រហែលច្រឡំហើយ។

ដោយឡែក លោក ស៊ុ ច​ន្ទី បានទូរស័ព្ទមកសួរអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា «អ្នកណាប្រាប់ខ្ញុំ បានសួរពួកអាក្មេងៗថា អត់បានយកទេ​ បើប្រមូលបានតែលុយ១៥០,០០០រៀល សម្រាប់ចាក់ប្រេងមាន»។

ដោយឡែក លោក សាន់​ និមល ស្នងការរង​ទទួលផែនបទល្មើស នៃស្នងការនគបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា​​ រឿងនឹងលោកអត់ដឹងទេ ព្រោះជាប់រវល់មកភ្នំពេញ ចាំមើលលោកត្រលប់មកបើរឿងពិតមែន លោកដាក់វិន័យកងកម្លាំងតាមគោលការណ៍ស្នងការ៕