(កំពត)៖ ថ្លែងនៅសាលប្រជុំសាលាខេត្តកំពត នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំ និងលើកទិសដៅអនុវត្តបន្ត។ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង ឧស្សាហកម្ម និង​សិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ-ខេត្តចុះមូលដ្ឋានក្រុងស្រុកប្រចាំខេត្តកំពត និងមានវត្តមាន​ចូលរួម ពីសំណាក់ លោក អភិបាលខេត្តកំពត ជាវ តាយ លោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សមាជិកក្រុមការងារ​ថ្នាក់​ជាតិ ខេត្ត ក្រុង ស្រុក​ផងដែរ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែង ជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ចាប់ពីពេលនេះទៅ ត្រូវចុះជួបប្រជាពលរដ្ឋក្នុងមូលដ្ឋានកំណត់មួយខែម្តង ឲ្យបានទៀងទាត់ ដើម្បីធ្វើវេទិកាសាធារណៈ ស្វែងយល់ពីតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ហើយថាបើមន្ត្រីរូបណាអសកម្មត្រូវប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជីឈ្មោះក្រុមការងារ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្តថា ក្នុងទិសដៅ នៃការដំណើរការ ធ្វើវេទកសរសាធារណៈម្តងៗ ត្រូវផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំង ស្វែងយល់ពីតម្រូវការ និងដោះស្រាយរាល់សំណូមពរចាំបាច់ជូនប្រជាពលរដ្ឋ។ សំណូមពរ ឬតម្រូវការ ណាដែលអាចដោះស្រាយនៅនឹងកន្លែងបានត្រូវធ្វើឲ្យរួចរាល់ភ្លាមៗ លើកលែងតែស្ថិតក្នុងកម្រិតធំដុំនោះ ចាំបាច់ត្រូវធ្វើរបាយការណ៍មកប្រធានក្រុមការងារដើម្បីគិតគូរបន្តតាមទំហំនៃតម្រូវការ។ លោកប្រធានការងារបានបន្តថា គ្រប់គ្នាសូមកុំមានអារម្មណ៍ថាវេទិកាសាធារណៈជារឿងមិនសំខាន់ឲ្យសោះ ពោលគឺថ្នាក់ដឹកនាំអាចដឹងគ្រប់សភាពការណ៍ ក្តីលំបាក ភាពងាយស្រួលរបស់ពលរដ្ឋតាមរយៈការលើកឡើងក្នុង វេទិកាទាំងនោះ។

យ៉ាងណាមិញ ដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ក្រុម ការងារចាំបាច់ធ្វើកិច្ចការឲ្យស៊ីសង្វាក់គ្នា ពិសេសគ្រប់ស្ថាប័នដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលត្រូវប្រញាប់ប្រញាប់បំពេញតាមបំណងពួកគាត់ ពេលតម្រូវការនោះប៉ះចំលើជំនាញរបស់ខ្លួន៕