(ភ្នំពេញ)៖ អំពើឃាតកម្មបាញ់មន្ដ្រីការពារព្រៃឈើ៣នាក់ នៅខេត្តមណ្ឌលគិរី ដែលក្រសួងបរិស្ថានចាត់ទុកថា ជាវរជនការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឲ្យកក្រើក និងផ្ទុះការចាប់អារម្មណ៍ នៅទូទាំងប្រទេស ហើយអាចចាត់ទុកថា ជាសំណុំរឿងសន្ដិសុខដ៏ធំបំផុតនៅដើមឆ្នាំ២០១៨នេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង តាំងពីដំណាក់កាលស៊ើបអង្កេត និងការឃាត់ខ្លួនជនល្មើសទាំង៦នាក់ ពីក្រុមមន្ដ្រីនគរបាលយុត្តិធម៌ រហូតដល់ដំណាក់កាលចោទប្រកាន់ និងចេញដីកាឃុំខ្លួនពីស្ថាប័នអយ្យការ និងតុលាការខេត្តមណ្ឌលគិរី​។

រឿងបន្ដទៀតនោះគឺ ស្ថិតក្នុងដំណាក់កាលដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ ដើម្បីឈានទៅដល់ការបើកសវនាជំនុំជម្រះ និងផ្ដន្ទាទោសតាមច្បាប់។

សំណុំរឿងដ៏ក្ដៅគគុកដែលបានកើតឡើងគៀកនឹងព្រំដែន កម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបិទបញ្ចប់ដោយទទួលបានភាពជោគជ័យ និងផ្លែផ្កាដ៏ធំធេងទាំងនេះ គឺជាខិតខំប្រឹងប្រែងរួមរបស់ថ្នាក់ដឹកនាំពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរ តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន បូករួមទាំងស្ថាប័នអយ្យការ និងស្ថាប័នតុលាការផងដែរ បើទោះបីការចូលរួមរំលែកទុក្ខ និងសោកស្ដាយ នៃការបាត់បង់ជីវិតជនរងគ្រោះទាំង៣រូប បាននិងកំពុងបន្ដដក់ជាប់ក្នុងក្រអៅបេះដូងសាច់ញាតិ មិត្តភ័ក្រ មិត្តរួមការងារ និងស្ថាប័នរបស់ពួកគេក៏ដោយនោះ។

បើទោះបីមូលហេតុ នៃការស្លាប់របស់ជនរងគ្រោះទាំង៣នាក់ ដែលតាមព័ត៌មានមួយចំនួន ផ្ដោតទៅលើ និងផ្ដើមចេញពីការពាក់ព័ន្ធបទល្មើសព្រៃឈើក៏ដោយនោះ​ ប៉ុន្ដែកាតព្វកិច្ចការពារធនធានធម្មជាតិ និងតម្លៃនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជារឿងដែលមិនត្រូវបានមើលរំលងនោះឡើយ ដែលពួកគេបានខិតខំប្រឹងប្រែងធ្វើនាពេលកន្លងទៅ។

សូមជម្រាបថា តាំងពីថ្ងៃកើតហេតុរហូត មកដល់រសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ជាវេលាដឹកក្រុមជនល្មើសចូលទៅកាន់ពន្ធនាគារ ក្រោយតុលាការចេញដីកាឃុំខ្លួន គឺសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ទាំងនគរបាល អាវុធហត្ថ និងយោធា បានប្រឹងប្រែងអស់ពីសមត្ថភាព ក្រោមការបញ្ជាពីថ្នាក់ដឹកនាំនៅតាមអង្គភាពរបស់ពួកគេ រហូតយប់ខ្លះសម្រាកបានតែ២ម៉ោង និងថ្ងៃខ្លះហូបបាយ មិនត្រង់មាត់ទៀតផង។

លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមស៊ើបអង្កេតនៃសំណុំរឿងមួយនេះ ធ្លាប់បានបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិ​របស់លោក ដែលមានទាំងនគរបាលជាតិ និងក្រសួងបរិស្ថាន ដេកពួនមិនបានគ្រប់គ្រាន់នោះឡើយ ដោយសំខាន់បានផ្ដោតពេលវេលាជាច្រើនចំពោះការស៊ើបអង្កេត ទម្រាំបានចេញលទ្ធផលដ៏ជោគជ័យមួយនេះ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍មិនអាចបំភ្លេចពីការចូលរួមសហការយ៉ាងស្អិតរមួតពីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ខេត្តមណ្ឌលគិរី ទាំងអភិបាលខេត្ត ស្នងការនគរបាល មេបញ្ជាការអាវុធហត្ថ ព្រមទាំងមន្ដ្រីតុលាការផងដែរ ដែលម្នាក់ៗបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតធ្វើកិច្ចការងារនេះរហូតបញ្ចប់ជាស្ថាពរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែកនៅក្នុងសំណុំរឿង ឃាតកម្មមួយនេះ និងជាអ្នកចាប់ជនដៃដល់ ផល ពេញ ដោយផ្ទាល់នៅក្នុងហាងគុយទាវ ខេត្តត្បូងឃ្មុំ ក៏បានធ្លាប់ពោលពាក្យថា យប់ខ្លះដេកបានតែ២ម៉ោងប៉ុណ្ណោះ ប៉ុន្ដែលោកសប្បាយចិត្ត និងរីករាយបំផុត ចំពោះការចូលរួមធ្វើកិច្ចការងារនេះ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

ដោយឡែក មន្រ្តីអាវុធហត្ថជាន់ខ្ពស់ខេត្តមណ្ឌលគិរី ក៏បានលើកឡើងនូវការលំបាកផងដែរ ចំពោះកិច្ចការងារស៊ើបអង្កេតមួយនេះ ប៉ុន្តែកម្លាំងអាវុធហត្ថពាក់ព័ន្ធក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការ មិនបានគិតថា ហត់នឿយនោះឡើយ ពោលមានតែសប្បាយចិត្តចំពោះបទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូន។

បើទោះបីជនល្មើសទាំង៦នាក់ ត្រូវបានចាប់ខ្លួន និងមានព័ត៌មានជាហូរហែរពីការរិះគន់ពាក់ព័ន្ធបទល្មើសព្រៃឈើក៏ដោយនោះ តែភាពជោគជ័យមួយនេះ បានបង្ហាញនិងលេចបទពិសោធន៍ថ្មីមួយទៀត ដល់ថ្នាក់ដឹកនាំពាក់ព័ន្ធដើម្បីបន្ថែមយន្ដការ ក៏ដូចជា យុទ្ធសាស្ដ្របន្ដទៀតលើកិច្ចការពារធនធានធម្មជាតិ កាន់តែមានប្រសិទ្ធភាពខ្លាំងឡើង និងជាមេរៀនដែលគួរត្រូវបានលុបបំបាត់ផងដែរ។

សូមបញ្ជាក់ថា នៅទីបំផុត! នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនល្មើសទាំង៦នាក់ រួមមានជនដៃដល់ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្តិ៍អូររលែ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

បើតាមដីកាបញ្ជូនរបស់លោកឧត្តមសេនីយ៍ឯក ហុង វិណុល ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បញ្ជាក់ថា៖

ទី១៖ ​ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ នៃវរការពារព្រំដែនលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ស្ថិតនៅហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នកបាញ់ផ្ទាល់ទៅលើជនរងគ្រោះទាំង៣នាក់។ ជននេះត្រូវបានចោទថា ជាអ្នកប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់
ទី២៖ ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ជាជនពាក់ព័ន្ធ។ ជននេះត្រូវចោទថា ប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។
ទី៣៖ ឈ្មោះ កើត វេតា ហៅតុន មេបញ្ជាការកងអនុសេនាតូចទី៣ ជាជនសមគំនិតក្នុងបទល្មើសឃាតកម្មគិតទុកជាមុន និងត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។
ទី៤៖ ឈ្មោះ ឡាយ សាវី មេបញ្ជាការរងកងអនុសេនាតូចទី៣ បានឃុបឃិតឲ្យជនបរទេសឆ្លងដែនខុសច្បាប់ បោះជំរុំ និងលួចកាប់ព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាមូលហេតុនាំឲ្យកើតមានអំពើឃាតកម្ម គិតទុកជាមុន និងត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។
ទី៥៖ ឈ្មោះ ទន់ ធារ៉ា ហៅក្អូន នគរបាលប៉ុស្ដិ៍អូរលែ បានឃុបឃិតឲ្យជនបរទេសឆ្លងដែនខុសច្បាប់ បោះជំរុំ និងលួចកាប់ព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាមូលហេតុនាំឲ្យកើតមានអំពើឃាតកម្ម គិតទុកជាមុន ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។
ទី៦៖ ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ជាជនសមគំនិតក្នុងបទល្មើសឃាតកម្មគិតទុកជាមុន។

ដោយឡែក ជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់។

ក្រសួងបរិស្ថាន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណាត់ការប្រកបដោយប្រសិទ្ធភាព របស់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស៊ើបអង្កេត ហើយឈានទៅដល់ការចាប់ខ្លួន ក្រុមជនល្មើសទាំង៦នាក់។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងបរិស្ថាន មានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបាត់បង់វរជនការពារ និងអភិរក្សធនធានធម្មជាតិទាំង៣រូបនេះ ហើយក្រសួងសូមវាយតម្លៃខ្ពស់ ចំពោះការលះបង់ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន​របស់ពួកគាត់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។

ជុំវិញប្រតិបត្តិការតាមចាប់ជនដៃដល់ និងជនពាក់ព័ន្ធទាំង៥នាក់ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមស៊ើបអង្កេត ក្នុងករណីឃាតកម្ម របស់គណៈកម្មាធិការ​ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងសមត្ថកិច្ច របស់ថ្នាក់ជាតិ (អាវុធហត្ថ ក្រសួងបរិស្ថាន និងនគរបាលជាតិ) ជាង៣០នាក់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី បានទទួលជោគជ័យក្រោយជនល្មើស និងជនពាក់ព័ន្ធទាំង៥នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ និងកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។

ខាងក្រោមនេះជាខ្លឹមសារត្រួសពីចម្លើយសារភាពរបស់ជនដៃដល់ ផល ពេញ ដែលបានប្រាប់ទៅក្រុមសមត្ថកិច្ចនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ៖

«ដំបូងឡើយពោលនៅថ្ងៃកើតហេតុទី៣០ ខែមករា ជនរងគ្រោះទាំង៤នាក់ (រត់គេចខ្លួនបានម្នាក់) បានជិះម៉ូតូ២គ្រឿង ល្បាតក្នុងព្រៃ ហើយក៏ជួបជនជាតិវៀតណាមមួយក្រុម ដោយមានរណាយន្ដ កំពុងកាប់ និងអាឈើ។ ពេលឃើញជនជាតិវៀតណាមទាំងនោះ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើ ជនរងគ្រោះបានទៅឃាត់ ហើយសួរនាំស្រាប់តែមានមន្ដ្រីនគរបាលប៉ុស្ដិ៍ម្នាក់ ដែលជាកូនចៅរបស់ ផល ពេញ ទៅសួរនាំគោលបំណងសម្របសម្រួលដោយទារលុយប្រមាណ៥លានដុង ពីក្រុមជនជាតិវៀតណាម។

ការសម្របសម្រួលគ្នានេះ ជនរងគ្រោះទាំង៣នាក់ ក៏មិនថាអី ប៉ុន្ដែពួកគេនៅតែចាប់ដកហូតរណាយន្ដ ដាក់ចងនៅលើម៉ូតូរួចក៏ដឹងចេញមក ហើយថែមបានរាយការណ៍ទៅកាន់ព្រះរាជអាជ្ញា ស្រាប់តែលោកព្រះរាជអាជ្ញា បានទូរស័ព្ទប្រាប់មេបញ្ជាការវរការពារព្រំដែនលេខ៦២១ ដែលជាមេកើយរបស់ឈ្មោះ ផល ពេញ។ ក្រោយទទួលទូរស័ព្ទពីលោកព្រះរាជអាជ្ញារួចមក មេបញ្ជាការវរ ក៏បានទូរស័ព្ទទៅស្ដីបន្ទោសទៅឈ្មោះ ផល ពេញ ស្រាប់តែជននេះ ខណៈកំពុងនៅជាមួយមន្ដ្រីយោធា ដែលពាក់ព័ន្ធ ក៏ធ្វើដំណើរស្កាត់មកជួបជនរងគ្រោះទាំង៤នាក់នៅក្បែរភូមិ រួចបើកការបាញ់ ប្រហារទាំងកម្រោល បណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។

តាមការសារភាពដដែលនេះ ក្រៅពីខឹងរឿងជនរងគ្រោះទូរស័ព្ទ ទៅកាន់ព្រះរាជអាជ្ញា និងចាប់វត្ថុតាងរបស់ជនជាតិវៀតណាម រឿងខឹងមួយទៀតនោះ គឺជនរងគ្រោះចូលល្បាតនៅតំបន់នោះ មិនសុំសហការណ៍ពីខ្លួន ព្រោះអាចនឹងមានបញ្ហាកើតឡើងជាមួយភាគីវៀតណាម ដោយសារជាព្រំប្រទល់ជាប់គ្នា»។

ជាមួយគ្នានេះ ក្រោយកើតហេតុភ្លាមៗ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើលិខិតចូលរួមរំលែកទុក្ខដោយសោកស្ដាយឧបមា ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិនៃសព ជនរងគ្រោះទាំង៣នាក់។

ដោយឡែក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ បានចាត់ឲ្យក្រុមការងារកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខ និងបាននាំយកបច្ច័យចូលបុណ្យមួយចំនួនដល់គ្រួសារសពទាំង៣រូបផងដែរ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់ យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា មន្ត្រីកងរាជអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS ទាំង ៣រូប បានទទួលមរណភាពនៅក្នុងឧបទ្ទវហេតុនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនឹងក្រុមគ្រួសារនៃសពហើយសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

មរណភាពរបស់ជនរងគ្រោះទាំង ៣រូប គឺមិនត្រឹមតែជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាចំពោះ ភរិយា និងកូនៗប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ធនធានមនុស្សដែលពោរពេញដោយស្នាដៃបានបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។

ក្រៅពីមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកនោះ ខាងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធ ក៏បានចូលរួមរំលែកទុក្ខ និងចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារនៃសពផងដែរ៕