(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភាបានប្រគល់សេចក្តីព្រាងច្បាប់ចំនួន៤ ដែលជារបៀបវារៈក្នុងថ្ងៃនេះ ជូនទៅគណៈកម្មការជំនាញចំនួន២ ត្រួតពិនិត្យ មុននឹងដាក់ជូនកិច្ចប្រជុំពេញអង្គបោះឆ្នោតអនុម័ត។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានបង្ហាញថា សេចក្តីព្រាងច្បាប់ចំនួន៤នោះ រួមមាន៖

១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលត្រូវបានប្រគល់ជូន គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

២៖ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានប្រគល់ជូនគណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈ-កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

៣៖ សេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ត្រូវបានប្រគល់ជូនគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហការជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា វិញ។

៤៖ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានប្រគល់ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

សូមបញ្ជាក់ថា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលអនុម័តដោយរាជរដ្ឋាភិបាល កាលពីថ្ងៃសុក្រ សប្តាហ៍មុននោះ មិនទាន់បានបញ្ជូនទៅដល់រដ្ឋសភានៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។

មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមិនទាន់ បញ្ជូនទៅកាន់រដ្ឋសភា ដោយសាររង់ចាំព្រះរាជសារ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាមុនសិន៕