(ភ្នំពេញ)៖ ក្រុមហ៊ុន GMC បានបើកសម្ពោធលុយឌីជីថល GMC របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដោយមានអ្នកចូលរួមប្រមាណ២០០នាក់មកពីប្រទេសចំនួន១០ នៅតំបន់អាស៊ី។

លោក ងួន ពៅ ថ្នាក់ដឹកនាំ ក្រុមហ៊ុន GMC ប្រចាំនៅកម្ពុជា បានឲ្យដឹងថា GMC Coin គឺជាសាច់ប្រាក់ឌីជីថល ដែលមានគុណភាពខ្ពស់ ដែលត្រូវបានបង្កើតឡើង ដោយ R & G GmbH។ លោកបានបញ្ជាក់ថា «GMC Coin តំណាងឱ្យមហិច្ឆតារបស់យើង ក្នុងការបង្កើនមូលដ្ឋានគ្រឹះ នៃប្រព័ន្ធសេដ្ឋកិច្ចឌីជីថលថ្មី ដែលមានមូលដ្ឋានលើប្រព័ន្ធឌីជីថល សកលលោក។ សមាជិកនៃប្រព័ន្ធនេះអាចរកប្រាក់ចំណូល ចំណាយ និងធ្វើពាណិជ្ជកម្ម GMC Coin ដើម្បីបង្កើនអត្ថប្រយោជន៍»។ លោកបានបន្ថែមថា ថ្ងៃក្រោយ GMC នេះនឹងអាច Transfer ឈានទៅរកការវិវត្ត ដូចជា BitCoin ដែលទូទាំង សកលលោក កំពុងពេញនិយមផងដែរ។

លោក ងួន ពៅ បានបន្ថែមថា សម្រាប់អតិថិជនដែលទិញ GMC Coin នេះទោះបីទុកចោល ១ឆ្នាំដោយមិនធ្វើអ្វីសោះក៏ទទួលបានចំណេញ១៨%ដែរ។ សម្រាប់ទីផ្សារអាស៊ី GMC បានបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសកម្ពុជា ដើម្បីប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការរយៈពេលវែង និងបង្កើតទំនុកចិត្ត អតិបរិមាមាសម្រាប់អ្នកវិនិយោគទុន។ មិនតែប៉ុណ្ណោះ GMC ក៏បានពង្រីកទីផ្សារនៅក្នុងប្រទេសផ្សេងៗជាច្រើនផងដែរ។

លោក ឃឺម ដារ៉ា ទីប្រឹក្សាខាងយុទ្ធសាស្ត្ររបស់ GMC Asia បានថ្លែងថា GMC បានឆ្លងកាត់ដំណាក់កាល ចាប់ផ្តើមដ៏លំបាកជាមួយនឹង ដៃគូរប្រកួតប្រជែងយ៉ាងស្វិតស្វាញ។ លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងយុទ្ធសាស្រ្តរឹងមាំ និងជាជំហានៗ GMC បានសម្រេចបាន នៅការចាប់ផ្តើមអាជីវកម្មដ៏ល្អ។

លោកបានបន្តឲ្យដឹងទៀតថា «យើងកំពុងធ្វើការយ៉ាងសកម្មដើម្បីភ្ជាប់ប្រព័ន្ធ អេកូស៊ីស្តេម ទៅ GMC ដូចជាការទិញដី សំបុត្រ សំបុត្រយន្តហោះ ការបង់ប្រាក់កាស៊ីណូ បង់ប្រាក់នៅផ្សារទំនើប ប្រព័ន្ធទូទាត់តាមហាងកាហ្វេ ការញ៉ាំនានា ហើយយើងកំពុងបំពេញនីតិវិធីដើម្បីចុះបញ្ជី GMC»។ លោកបន្តថា «គ្រឹះកាន់តែរឹងមាំ យើងធ្វើដំណើរកាន់តែប្រសើរ»។

ទោះបីជាយ៉ាងនេះក្តី កាលពីថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានប្រកាសជូនដល់ពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់កាក់ឌីជីថល ដូចជាពពួកប្រភេទ Bitcion ស្របពេលដែលកាក់ឌីជីថលនេះ កំពុងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ប្រជាជនក្នុងប្រទេសមួយចំនួន នៅលើពិភព​លោក។

លោកស្រី ជា សេរី អគ្គនាយិកា បច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើង​ថា «ក្នុងនាមជាធនាគារជាតិនៃកម្ពុជា ខ្ញុំសូមក្រើនរំលឹក ដល់ពលរដ្ឋទាំងអស់ថា កាក់ទាំងនោះ ធនាគារជាតិ មិនទទួលស្គាល់នោះឡើយ​ ព្រោះអាចជាឧបករណ៍ មួយផ្ដល់ហានិភ័យខ្ពស់... ដូច្នេះប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នធនាគាជាតិសូមប្រកាសថា មិនទទួលស្គាល់ និងទទួលខុសត្រូវចំពោះការជួញដូរកាក់ឌីជីថល ដូចជាប្រភេទ Bitcoin នោះទេ»៕