(មណ្ឌលគិរី)៖ នៅទីបំផុត! នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនល្មើសទាំង៦នាក់ រួមមានជនដៃដល់ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្តិ៍អូររលែ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។ នេះបើតាមមន្ដ្រីតុលាការខេត្ត ថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យនៅមុននេះបន្ដិច។

បើតាមដីកាបញ្ជូនរបស់លោកឧត្តមសេនីយ៍ឯក ហុង វិណុល ជូនព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បញ្ជាក់ថា៖

* ឈ្មោះ ផល​ ពេញ មេប៉ុស្ដិ៍អូរលែ និងឈ្មោះ កើត វេហា ហៅមេប៉ុស្ដិ៍ដាក់ការ ជាឃាតករដៃដល់ ប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។
* ឈ្មោះ កើត វេត្តា ហៅតុន មេបញ្ជាការកងអនុសេនាតូចទី៣ និងឈ្មោះ ណាង វ៉ាន់និត ជាជនសមគំនិតក្នុងបទល្មើសឃាតកម្មគិតទុកជាមុន។
* ឈ្មោះ ទន ធារ៉ា ហៅក្អូន នគរបាលប៉ុស្ដិ៍អូរលែ និងឈ្មោះ ឡាយ សាវី មេបញ្ជាការរងកងអនុសេនាតូចទី៣ បានឃុបឃិតឲ្យជនបរទេសឆ្លងដែនខុសច្បាប់ បោះជំរុំ និងលួចកាប់ព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាមូលហេតុនាំឲ្យកើតមានអំពើឃាតកម្ម គិតទុកជាមុន។

ដោយឡែកជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់៕