(ភ្នំពេញ)៖ ស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះ គឹម ចាន់ស្នូរ ដែលជាប់ចោទពីបទ ចេញសែកគ្មានសាច់ប្រាក់ ត្រូវបានមន្ត្រីពន្ធនាគារព្រៃសរ (ម២) បញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបន្តសនវការ។ អង្គសវនាការនេះមានលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និងលោក ឡុង ជាប ជាតំណាងអយ្យការ។

ក្នុងអង្គសេចក្តី តំណាងអយ្យការបានចោទប្រកាន់លើឈ្មោះ គឹម ចាន់ស្នូរ ភេទស្រី អាយុ៣៥ឆ្នាំ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ យោងតាមមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រត្តិបត្តិការទូទាត់សងប្រាក់។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ បានសារភាពថា ខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ឱ្យទៅដើមបណ្ដឹងឈ្មោះ ឯក សំណាង ចំនួន៣សន្លឹក រួមមាន៖ សន្លឹកទី១មានជាង៤លានដុល្លារ, សន្លឹកទី២មាន៥៥,០០០ដុល្លារ និងសន្លឹកទី៣មាន៩ម៉ឺនដុល្លារ ដើម្បីតម្កល់នៅពេលខ្លួនខ្ចីលុយដើមបណ្តឹងទៅរកស៊ីមែន។

ដោយឡែកលោក ទូច ធីរិទ្ធ មេធាវីការពារសិទ្ធិជនជាបចោទ បានថ្លែងថា អ្វីដែលកូនក្តីរបស់លោក ជំពាក់ដើមបណ្តឹង គឺកូនក្តីលោកទទួលស្គាល់ ប៉ុន្តែអ្វីដែលតុលាការគួរកត់សម្គាល់ គឺនីតិវិធី នៃការឃាត់ខ្លួនកូនក្តីលោក។ លោកថា ដើមបណ្តឹងបាន នាំបក្ខពួកទៅឃាត់ខ្លួនកូនក្តីលោកដល់ក្នុងផ្ទះនៅបុរីប៉េងហួត ទុកមុខផ្សារប៉េសេ រួចដឹកកូនក្តីលោកយកទៅប្រគល់ឱ្យសមត្ថកិច្ចចាត់ការបន្ត ដោយគ្មានការបញ្ជាពីតុលាការ និងមាននគរបាលចូលរួមឡើយ។

លោកមេធាវី បន្ថែមថា នៅថ្ងៃឃាត់ខ្លួនកូនក្តីលោក ក្រុមដើមបណ្តឹងបាន ដឹកជញ្ជូនសម្ភារមួយចំនួនធំ ទូរដែក និងគ្រឿងអលង្កា ចំនួន៣រថយន្តកូរ៉េ ចេញពីផ្ទះកូនក្តីលោក។ ភ្លាមៗ ក្រុមដើមបណ្តឹងបាន ទៅកាន់កាប់ឃ្លាំងលក់ដែករបស់កូនក្តីលោក យកដែក រថយន្តស្ទួចចំនួន៥គ្រឿង និងកាន់កាប់ឃ្លាំងនោះ ជាកម្មសិទ្ធិថែមទៀតផង។

ចំណែកលោកស្រី មាស ស៊ីថន ជាមេធាវីតំណាងឱ្យដើមបណ្តឹងឈ្មោះ ឯល សំណាង បានថ្លែងតបថា រឿងរឹបអូសសម្ភាររបស់ជនជាប់ចោទ គឺធ្វើឡើងតាមដីកាសម្រេចរបស់តុលាការ និងអនុវត្តតាមនីតិវិធី។ លោកស្រី បានបញ្ជាក់ថា កូនក្តីលោកស្រី ប្តឹងទាមទារប្រាក់ដើមចំនួន សរុប ៤,៤៤២,៣៤១ ដុល្លារ និងសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ ពីជនជាប់ចោទ។

បន្ទាប់ពីសវនាការបញ្ចប់ តុលាការបានសម្រេចលើកពេលទៅប្រកាសសាលក្រមសំណុំរឿងនេះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខវិញ។

អ្វីដែលចាប់អារម្មណ៍នោះស្ត្រីជនជាប់ចោទឈ្មោះ គឹម ចាន់ស្នូរ ដែលគេដឹងថា មានដើមកំណើតជាជនជាតិវៀតណាមរូបនេះ មានឱកាសប្រើប្រាស់ទូរស័ព្ទដៃ ស្មាតហ្វូន សេរីទំនើប ម៉ាក iPhone 7+ ព័ណ៌ខ្មៅ ជាលក្ខណៈផ្ទាល់ខ្លួន ទុកសម្រាប់ទាក់ទងសាច់ញាតិ និងលេងហ្វេសប៊ុក កំដរភាពអផ្សុក ខណៈកំពុងរង់ចាំតុលាការ បើកសវនាការគាត់ទោសរូបនាង៕