(ព្រះសីហនុ)៖ បុរសជនជាតិចិនម្នាក់ ដែល​វាយបំផ្លាញ​ទ្រព្យសម្បត្តិពលរដ្ឋខ្មែរ នៅបុរី BS ​អូរ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។​

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា ​កាលពីវេលាម៉ោង​៤​ទៀបភ្លឺ ​ថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០១៨​នេះ មានករណីជនជាតិចិន សង្ស័យស្រវឹងស្រា បានស្រែកឡូឡា វាយកញ្ចក់ទ្វារផ្ទះរបស់អ្នកជិតខាង នៅបុរី BS អូរ១ ក្រុងព្រះសីហនុ បណ្តាលឲ្យរងការខូតខាត និងបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរនោះ។

ករណីនេះ​សមត្ថកិច្ចមូលដ្ឋាន បញ្ជាក់ថា ដើមហេតុដំបូង​ប្តីប្រពន្ធជនជាតិចិននោះឈ្លោះគ្នា ថ្លង់សម្រាកមិនបាន ម្ចាស់ផ្ទះរងគ្រោះក៏ឃាត់ ប្រាប់កុំឲ្យឈ្លោះគ្នាឡូឡា បណ្តាលឲ្យបុរសជនជាតិចិន កើតការក្តៅក្រហាយ បានធ្វើសកម្មភាពវាយកញ្ចក់ទ្វារផ្ទះជនរងគ្រោះតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យកម្លាំងសមត្ថកិច្ច​កំពុងសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕