(ពោធិ៍សាត់)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ជាប្រធានកិត្តិយស ជាអ្នកផ្តួចផ្តើមបង្កើតឡើងនូវសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានណែនាំឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន២៦៨នាក់ ចុះទៅពិនិត្យព្យាបាលជំងឺ និងវះកាត់ឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋចំនួន២,៥៤៧នាក់ នៅវិទ្យាល័យ ប្រម៉ោយ ដែលឆ្ងាយពីសេវាសុខាភិបាលខេត្ត នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋភាគច្រើន ក្នុងចំណោមពលរដ្ឋ២,៥៤៧នាក់ មានក្តីរំភើបយ៉ាងក្រៃលែង ដោយបានទទួលទាំងអាហារសម្រន់សម្រាប់អង្គុយរងចាំទទួលការពិនិត្យព្យាបាលជម្ងឺ និងវះកាត់ផងដែរ ពីក្រុមគ្រូពេទ្យជំនាញៗ ទើបនៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៨។

ជាការឆ្លើយតបចំពោះសកម្មភាពមនុស្សធម៌ទាំងនេះ ពួកគាត់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងស្នើសុំយ៉ាងទទូចតាមរយៈក្រុមគ្រូពេទ្យ ដើម្បីចង់ជួបលោក ហ៊ុន ម៉ានី ដោយផ្ទាល់ជាពិសេស លោកពូ រស់ វែង ដែលមានជម្ងឺគីសនៅបាតជើងរយៈពេល៥ឆ្នាំមកហើយ ពុំមានលទ្ធភាពទៅធ្វើការវះកាត់ នៅមន្ទីរពេទ្យបង្អែកខេត្ត សុខចិត្តទ្រាំលំបាក រហូតមានការរំភើបចិត្តឥតឧបមា ដោយបានការយកចិត្តទុកដាក់ទទួលវះកាត់ប្រកបដោយជោគជ័យពីសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក របស់លោក ហ៊ុន ម៉ានី។

ដោយឡែកអ្នកស្រី លំ សំភី ដែលមានជំងឺលើសឈាម ឈឺសន្លាក់ដៃជើង និងឈឺក្រពះផងដែរ ហើយមានស្វាម៉ីពិកាជើងទៀត ដោយសារជាន់គ្រាប់មីន នាសម័យសង្គ្រាម បានលើកដៃថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី និងលោកស្រី និងសូមជូនពរឲ្យលោកទាំងទ្វេរមានសុខភាពល្អ អាយុយឺនយូរ និងពុទ្ធពរទាំង៤ប្រការ ដោយចង់លោកទាំងពីរដោយផ្ទាល់ «ពោលបានឃើញលោក ហ៊ុន ម៉ានី និងលោកស្រី តាមរយៈកញ្ចក់ទូរទស្សន៍តែប៉ុណ្ណោះ»។

បន្ថែមពីនេះ លោក ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ានី និងលោកស្រី និងជម្រាបជូន អំពីនីតិវិធី នៃការចូលពិនិត្យ និងព្យាបាលជម្ងឺ ជូនដល់បងប្អូនប្រជាពលរដ្ឋតាមលំដាប់លំដោយ ដែលបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត៕