(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះ គណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ​ បានចុះទៅពិនិត្យនិងស៊ើបអង្កេត ករណីផ្ទុះអាវុធនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ ដើម្បីស្វែងរកការពិតនៃមូលហេតុផ្ទុះអាវុធនេះ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា ​គណៈកម្មាធិការ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ​ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការ បានសហការជាមួយមន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន មន្ដ្រីនគរបាលជាតិ បានចុះទៅទីតាំងកើតហេតុ ដើម្បីបើកការស៊ើបអង្កេត និងស្រាវជ្រាវទៅតាមជំនាញជាក់ស្ដែង ជុំវិញហេតុផ្ទុះអាវុធដែលកើតឡើងនៅល្ងាចម្សិលមិញ។

សូមជម្រាបថា នៅយប់ថ្ងៃទី៣០ ខែមករាម្សិលមិញ ពោលគឺក្រោយកើតហេតុភ្លាមៗ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានចេញបញ្ជាជាបន្ទាន់ឲ្យកម្លាំងសមត្ថកិច្ច នៃគណៈកម្មាធិការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើថ្នាក់ជាតិ ចុះពិនិត្យករណីផ្ទុះអាវុធសម្លាប់មនុស្ស៣នាក់ នៅចំណុចជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគីរី។ នេះបើតាមការដឹងពីឧត្តមសេនីយ៍ត្រី អេង ហ៊ី។

លោកអភិបាលខេត្តមណ្ឌលគីរី ស្វាយ សំអ៊ាង បានថ្លែង Update ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងដែរថា ករណីផ្ទុះអាវុធនេះកើតឡើង រវាងកម្លាំងអាវុធហត្ថ និងមន្រ្តីបរិស្ថាន ជាមួយកម្លាំងនគរបាលការពារព្រំដែន។ តាមព័ត៌មានចុងក្រោយបានឲ្យដឹងថា ករណីនេះមានអ្នកស្លាប់៣នាក់ (មន្រ្តីអាវុធហត្ថ និងមន្រ្តីបរិស្ថាន និងម្នាក់ជាបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាល)។

ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ សេក វឌ្ឍនា ជាមន្រ្តីអាវុធហត្ថ (ស្លាប់), ទី២៖ ឈ្មោះ កើត​ សុខណៃ ជាមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន (ស្លាប់) និងទី៣៖ ឈ្មោះ ថុល ខ្នា ជាបុគ្គលិករបស់អង្គការ WCS បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

យោងរបាយការណ៍របស់នគរបាលខេត្តមណ្ឌលគិរី ដែលផ្ញើជូនអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងចន្លោះ៤-៥ ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចំណុចចម្ងាយប្រមាណជា២៥គីឡូម៉ែត្រ ពីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូររលែ ស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី៕