(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ Fresh News ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោក បានឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ​ប្រតិបត្តិនេះធ្វើឡើងនៅ៣ទីតាំងផ្សេងគ្នា ​គឺ​នៅចំណុចភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ កម្លាំជំនាញ​បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយលោកស្រី គឹម លុយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទ ឈ្មោះ លន់ តូនី ហៅ ចុង នី ភេទប្រុស អាយុ១៩ឆ្នាំ ពីបទ​ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

លោកបន្ដថា នៅចំណុច​​ភូមិថ្មី ឃុំដងក្តារ ​​ស្រុកស្ទឹងត្រង់ កម្លាំងជំនាញបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ​ឃាត់ជនសង្ស័យ០៣នាក់ និងដកហូតបាន ម្សៅក្រាមពណ៌ស​០៧​​កញ្ចប់ ទូរស័ព្ទដៃ០២គ្រឿង ​និងម៉ូតូ០២​គ្រឿង​។

ដោយឡែកមួយ នៅចំណុចភូមិ១០មករា ឃុំបុសខ្នុរ ​ស្រុកចំការលើ កម្លាំងជំនាញ​បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយប្រើវិធានញុះញង់ ​ឃាត់ជនសង្ស័យម្នាក់ ឈ្មោះ​ ធី​ ចាន់ធីម ​អាយុ២៣ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស​២២​​កញ្ចប់ ទូរស័ព្ទដៃ០៥គ្រឿង​ ប្រាក់ញុះញង់១០០,០០០រៀល និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕