(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី៣០ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុត​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​បញ្ជីឈ្មោះដែលគ្រប់ៗគ្នា​ទន្ទឹងរង់ចាំជាយូរ​ណាស់មកហើយ អំពី​មន្រ្តី​រដ្ឋា​ភិបាល ព្រមទាំងប្រធាន​ក្រុមហ៊ុនធំៗ របស់ប្រទេស​រុស្ស៊ី ដែលអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ជុំវិញការជាប់សង្ស័យថាមា​ន​ពាក់ព័ន្ធ​នឹងការលូកដៃ​ចូលក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦៕

២៖ មួយរយៈនេះ​ភ្នំភ្លើងនៅជប៉ុន ហ្វីលីពីន និងឥណ្ឌូណេស៊ី ហាក់បង្ហាញ​សញ្ញា​មិនសូវ​ស្រួលខ្លាំង ដោយសារតែ​បណ្តាប្រទេស​ទាំងនេះ ស្ថិតនៅក្នុងតំបន់​ខ្សែក្រវាត់ភ្លើង នៃ​មហាសាគរ​ប៉ាស៊ីហ្វិក ដែលងាយនឹង​រងគ្រោះធម្មជាតិ ស្ទើរគ្រប់ជំពូក​តែម្តង ជាពិសេសរញ្ជួយដី និងបន្ទុះភ្នំភ្លើង៕

៣៖ រដ្ឋធានីនៃប្រទេស​ឥណ្ឌា បានក្លាយជាទីក្រុង​ដែលទទួលរង​ការបំពុលខ្លាំងក្លា​ក្រៃលែងជាងគេ​បង្អស់ ប្រចាំ​ប្រទេស​អាស៊ី​​ខាង​ត្បូង​មួយនេះ ខណៈរដ្ឋ Uttar Pradesh បានជាប់ឈ្មោះ​ជារដ្ឋ​ ដែលរងការបំពុល​ធ្ងន់ធ្ងរបំផុត៕

៤៖ ទីភ្នាក់ងារអវកាស​អាមេរិក NASA កំពុងតែព្យាយាម​ធ្វើការទាក់ទង​ ទៅកាន់ផ្កាយរណប​មួយ​គ្រឿង ដែល​ខ្លួនបាន​បាត់កាលពីជាងមួយទសវត្សរ៍​មុនមកម្ល៉េះ ក្រោយពីវា​ត្រូវបានរក​ឃើញដោយ​អ្នកតារាសាស្រ្ត​ធម្មតាៗម្នាក់​ថាប្រហែលជាអាច​នៅ​​ដំណើរការ៕

៥៖ ប្រភពពីមន្រ្តី​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត បានឲ្យដឹងនា​ថ្ងៃអង្គារនេះថា ទីបំផុត​បុគ្គល​ទាំងឡាយ ដែលជាប់ឃុំឃាំង​នៅក្នុង​សណ្ឋាគារ​ប្រណិត Ritz-Carlton ក្នុងរដ្ឋធានី​រីយ៉ាដ ជាទីដែលអ្នក​ទាំងអស់នោះ ត្រូវបានគេឃាត់​ឃាំងមិនឲ្យចាកចេញ​ទៅណា​មក​ណា ​ក្នុងអំឡុងការ​បើកយុទ្ធនាការ​បោសសម្អាត ​អំពើពុករលួយ​ដ៏កក្រើកមួយនោះ ត្រូវបានដោះលែង​ឲ្យមានសេរីភាព​វិញទាំងអស់ហើយ​៕

៦៖ ក្រសួងមហាផ្ទៃ​តួកគី​បានឱ្យដឹងថា ជនសង្ស័យ ៣១១នាក់ ត្រូវបានចាប់​ខ្លួនក្រោមបទចោទ​ប្រកាន់ថា បានបំផុសបំផុស​សកម្មភាព​ភេរវកម្ម​ នៅលើបណ្ដាញ​ទំនាក់ទំនង​សង្គម បន្ទាប់ពីកងទ័ព​តួកគី​បើកប្រតិបត្តិការ​បោសសំអាត​ ក្រុមអ្នក​ប្រយុទ្ធ YPG​ នៅក្នុង​ទីក្រុង Afrin​ ប្រទេស​ស៊ីរី៕