(ប៉ៃលិន)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ សមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយលោក បេង ឆាំ នាយខណ្ឌរដ្ឋបាលជលផលប៉ៃលិន ដែលមានការចូលរួម ពីលោកអភិបាលរងស្រុកសាលាក្រៅ លោកអនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន លោកមេឃុំសាលាក្រៅ មេភូមិភ្នំកុយ ព្រមទាំងសមត្ថកិច្ច នគរបាលស្រុក បានរៀបចំធ្វើពិធីដុតកំទេចឧបករណ៍បទល្មើសនេសាទ ដែលរឹបអូស និងបង្រ្កាបបាន រយៈពេលមួយឆ្នាំ២០១៧។

លោក បេង ឆាំ បានថ្លែងថា ក្នុងអំឡុងពេលបង្កើតរដ្ឋបាលជលផលរួចមក យើងបានបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាបទល្មើសនេសាទ នៅតាមតំបន់អភិរក្សស្ថិតនៅចំណុចស្ទឹងបរយ៉ាខា និងចំណុចស្ទឹងកុយ ដោយសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល បានចុះល្បាតមិនថាយប់ ឬថ្ងៃនោះទេ ហើយរយៈពេលចុងក្រោយនេះ គឺយើងរឹបអូស និងបង្រ្កាបបានឧបករណ៍នេសាទខុសច្បាប់ មួយចំនួនធំ។ ចំណែកជនសង្ស័យបានរត់គេចខ្លួនផងដែរ។

លោក បេង ឆាំ បានបន្តថា ក្នុងការចុះល្បាត់ និងបង្រ្កាប់ជាញ៉ឹកញាប់ដូច្នោះ យើសង្កេតឃើញថា មច្ឆាជាតិ (ត្រី) បានកើនឡើងគួរអោយកត់សម្គាល់ ហើយទន្ទឹមនិងការកើនឡើងនោះ យើងក៏សង្កេតឃើញថា បទល្មើសនេសាទ ក៏មានការកើនឡើងគ្រប់រូបភាព ផងដែរពិសេសនៅពេលយប់។ លោកបានបន្តថា នៅដើមឆ្នាំ២០១៦ រដ្ឋបាលខណ្ឌបានរៀបចំប្រជុំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ មេភូមិ មេឃុំ និងស្រុក អំពីការកំណាត់ព្រំប្រទលអន្លង់ យកមកធ្វើការអភិរក្សជាមួយគ្នានេះដែរ ខាងខណ្ឌរដ្ឋបាល ក៏បានដាក់ស្លាកសញ្ញាសម្គាល់ចំនួនពីរផ្ទាំង និងចុះល្បាតជាប្រចាំ។

លោក បេង ឆាំ បានបញ្ជាក់ថា ឧបករណ៍នេសាទខុសច្បាប់ ដែលយកមកដុតកម្ទេចចោលរួមមាន៖ របាំងស្បៃមុងចំនួន៣០ម៉ែត្រ, លូស្បៃមុងចំនួន០១ម៉ាត់, មងរាយចំនួន១៤៥០ម៉ែត្រ, លបប្រើស១០០ពីរគ្រឿង ចំនួន៦០ម៉ែត្រ ព្រមទាំងការលែងត្រីចម្រុះ ចំនួន១០គីឡូក្រាមផងដែរ។

ក្នុងឱកាសនោះដែរ លោកនាយខណ្ឌរដ្ឋបាលជលផលប៉ៃលិន ក៏បានសំណូមពរដល់លោកមេភូមិ ដែលមានព្រំប្រទលជាប់គ្នា មេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យបានដឹង និងស្នើសុំដល់កម្លាំងប៉ុស្ត៍ និងអធិការ មេត្តាផ្តល់កិច្ចសហការឲ្យបានល្អប្រសើរផងដែរ៕