(ភ្នំពេញ)៖ យោងតាមរបាយការណ៍លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជម្រាបជូនទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលភ្នាក់ងារ Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញថា ដើម្បីថែរក្សាបាននូវសុខសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន នៅខែមករា ឆ្នាំ២០១៨នេះ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបជាក់ស្ដែងនូវទីតាំងបើកល្បែងស៊ីសង (ហ្គេមបាញ់ត្រី) មានលទ្ធផលដូចខាងក្រោម៖

*នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ មានទូហ្គេមបាញ់ត្រី ចំនួន១គ្រឿង កំពុងដំណើរការលេង និងអ្នកលេង៣នាក់ ត្រូវបានរដ្ឋបាលខណ្ឌ ធ្វើការណែនាំ រួចអនុញាតឲ្យត្រឡប់ទៅផ្ទះវិញ។

*នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ចុះបង្ក្រាបនៅផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ចាប់បានទូហ្គេម ចំនួន៤គ្រឿង មិនមានខួរក្បាលបញ្ជា (ទីតាំងតែងតែបើកលេងពេលយប់)។

*នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ចុះបង្ក្រាបនៅផ្លូវប្រឡាយ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ចំនួន២គ្រឿង និងនៅភូមិលូ សង្កាត់ស្វាយប៉ាក ចាប់បានចំនួន៤គ្រឿង និងទូហ្គេមប្រភេទចាក់ពុង ចំនួន៧គ្រឿង មានខួរក្បាលបញ្ជា ចំនួន១គ្រឿង ក្រៅពីនោះ គ្មានខួរក្បាលបញ្ជាឡើយ (ទីតាំងតែងតែបើកលេងពេលយប់)។

តាមរបាយការណ៍ បច្ចុប្បន្នទូហ្គេមបាញ់ត្រី ចំនួន១១គ្រឿង មានខួរក្បាលបញ្ជា ចំនួន២គ្រឿង និងហ្គេមប្រភេទចាក់ពុង ចំនួន៧គ្រឿង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ធ្វើការដកហូតយកមករក្សាទុក នៅសាលាខណ្ឌ ដើម្បីសុំមតិដឹកនាំពីរដ្ឋបាលរាជធានីភ្នំពេញ៕