(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិចំនួន៥០០គ្រួសារ នៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បានទទួលអំណោយសង្គ្រោះបន្ទាន់ពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលេខាធិការដ្ឋានអាស៊ានបូកបី។

ការសង្រ្គោះបន្ទាន់នៃការចែកអំណោយនេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរ អង្គភាព និងអជ្ញាធរភូមិ-ឃុំ ស្រុកផងដែរ។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលតែងគិតគូចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

លោកបានបញ្ជាក់ថា «អំណោយដែលចែកជូននូវពេលនេះ ទោះបីតិចតួចក្តី តែអាចដោះស្រាយការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយគ្រាដែរ ហើយលោកក៍បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវខិតខំដាំដំណាំផ្សេងៗដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ដោយមិនត្រូវទុកដីឲ្យនៅទំនេរឡើយ បើឆ្នាំនេះធ្វើមិនកើត យើងត្រូវធ្វើនៅឆ្នាំក្រោយៗទៀត»

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ដោយលើកឡើងពីការខិតខំយកចិត្តទុកដាក់ពីសំណាក់អជ្ញាធរភូមិ-ឃុំ ស្រុក-ខេត្ត រហូតដល់រដ្ឋាភិបាល ជាមួយគ្នានេះ ហើយលោកក៍បានផ្តាំផ្ញើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើអជ្ញាធរ ជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

លោកបានបញ្ជាក់ផងដែរថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ កាន់តែខិតជិតណាស់មកហើយ គឺនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដូច្នេះសូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៅទៀត។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានថ្លែងថា ប្រជាពលរដ្ឋ៥០០គ្រួសារ ដែលមកទទួលអំណោយនៅពេលនេះ គឺពួកគាត់បានរងគ្រោះដោយធម្មជាតិ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម ប៉ះពាល់ដល់ការដាំដុះដំណាំ និងការចិញ្ចឹមសត្វផងដែរ។

លោកបន្តថា មិនតែប៉ុណ្ណោះបានជួបប្រទះនូវបញ្ហាជំនន់ទឹកភ្លៀងនៅចុងរដូវវស្សាឆ្នាំ២០១៧ ដែលធ្វើអោយប៉ះពាល់ និងខូចខាត់ដល់ដំណាំស្រូវវស្សា ហើយបញ្ហាគ្រោះធម្មជាតិនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចាត់វិធានការអន្តរាគមន៍ ជួយដល់បងប្អូនប្រជាកសិករ បានរៀបចំចែកពូជស្រូវដល់កសិកររងគ្រោះ៨១៥គ្រួសារ ស្មើនិងពូជស្រូវ២៩តោន។

សូមបញ្ជាក់ផងដែរថា ការសង្រ្គោះបន្ទាន់នេះបានចែកនូវអង្កសង្រ្គោះបន្ទាន់ ពីរាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ៥០០គ្រួសារនៅឃុំរក្សា ស្រុករវៀង ដែលផ្តល់ដោយសាធារណៈរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋាន អាស៊ានបូកបីផងដែរ៕