(ភ្នំពេញ)៖ បុរសពីរនាក់ចេញពីកន្លែងផឹកស៊ី ជិះម៉ូតូលឿនវ៉ាជែងជាមួយរថយន្ដ តែវ៉ាមិនផុតចាប់ហ្វ្រាំងបង្ខំបណ្ដាលឲ្យដួលបោកក្បាលស្លាប់ម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ រងរបួសស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សឿន អាយុ២៦ឆ្នាំ មុខរបរបាញ់ថ្នាំឈើ ស្នាក់នៅភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅ ភូមិទួលសំពណ៌ ឃុំទួលសុភី ស្រុកអូរាំឪ ខេត្ដត្បូងឃ្មុំ។ ចំណែកជនរងគ្រោះរងរបួសស្រាលឈ្មោះ ណាន ចិន្ថា អាយុ២៣ ឆ្នាំមុខរបរបាញ់ថ្នាំឈើ ស្នាក់នៅជាមួយគ្នា។

មិត្ដភ័ក្រដែលរួមដំណើរជាមួយគ្នា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុខ្លួនទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ដែលពាក់ស្លាកលេខភ្នំពេញ 1CN-1760 ចេញពីកន្លែងផឹកស៊ី នៅម្ដុំជើងឯក ដោយធ្វើដំណើរតាម បណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិច មកកើតក៏បានវ៉ាជាមួយរថយន្ដមួយគ្រឿងមិនចាំម៉ាក ប៉ុន្ដែវ៉ាមិនផុសក៏ចាប់ហ្វ្រាំងបង្ខំដួល បោកក្បាលបណ្ដាល ឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងថា ជនរងគ្រោះទាំង២នាក់ បានធ្វើដំណើរដោយមិនពាក់មួកសុវត្ថិភាព និងមានសារធាតុស្រវឹងទៀតផងទើបបណ្ដាល ឲ្យមានគ្រោះថ្នាក់ដល់ជីវិតបែបនេះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ រង់ចាំយកឯកសារពាក់ព័ន្ធទើបសមត្ថកិច្ចប្រគល់ម៉ូតូជូនវិញ។ ចំណែកឯសាកសព ត្រូវបានសមត្ថកិច្ចធ្វើបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រងចាំក្រុមសារយកទៅធ្វើបុណ្យតាមប្រពៃណី៕