(ភ្នំពេញ)៖ ដោយក្តីមេត្តាករុណា ពេលឃើញនរណាម្នាក់ជួបការលំបាកជាក់ស្តែងផ្ទាល់ភ្នែក យើងតែងចែករំលែក ទ្រព្យធនជួយគ្នា មិនដែលរំលងឡើយ នេះជាមនោសញ្ចេតនា និងជាវប្បធម៌របស់ជាតិសាសន៍ខ្មែរយើង។ ដូចគ្នាដែរ លោកវរសេនីយទោ សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចម្រើនចិត្តបុណ្យ​ទាំងវ័យក្មេង ដោយលោកតែងតែ​ចែករំលែកទ្រព្យធន និងក្តីស្រឡាញ់ ជូនដល់អ្នកទន់ខ្សោយជាញឹកញាប់ តាមទម្លាប់នៃពង្សសាវតាខ្មែរ។

ជាក់ស្តែងដូចជា លោកយាយម្នាក់ឈ្មោះ ប៉ែន តេ ធ្លាប់ជាចាស់ជរា មានការលំបាកគួរឲ្យអាណិត ស្ថិតនៅភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានញ៉ាំងចិត្តយុវជន សៀ ទីន នាំយកអំណោយទៅជូនគាត់ទុកគ្រាន់ ដោះស្រាយជីវភាពតាំងពីលោកយាយនៅមានជីវិត ទាំងលោកយាយមិនមានជាប់សាច់ញាតលោក សៀ ទីន ឬស្គាល់គ្នាពីមុនមកផង។

តែមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ចូលវ័យ៩៧ឆ្នាំ លោកយាយក៏ទទួលអនិច្ចកម្ម ធ្វើឲ្យបងប្អូនសាច់ញាត ស្តាយស្រណោះ អាឡោះអាល័យ ទាំងក្តីសោកសៅគ្រប់ៗគ្នា រីឯលោក​វរសេនីយទោ សៀ ទីន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខលោកយាយ ពេលទទួលបានដំណឹងដ៏ក្រៀមក្រំ ក៏បានដឹកនាំ កម្លាំងក្រោមឱវាទរបស់លោក អញ្ជើញទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងបានចូលបុណ្យសព​លោកយាយ ប៉ែន តេ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨​។

ក្នុងនោះមនោសញ្ចេតនា និងសម្ភារៈថវិកាដែល លោកវរសេនីយ៍ទោ សៀ ទីន បានចូលរួមចែករំលែកទុក្ខលំបាក ដល់គ្រួសារខ្សត់ខ្សោយមួយនេះ រួមមាន៖ អង្ករ​៥០​គីឡូក្រាម, ​ទឹកសុទ្ធ​៣កេះ, ទឹកត្រី​១យួរ, ទឹកស៊ីអ៊ីវ​១យួរ និងថវិកា​៥០០,០០០រៀល៕