(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ បង្រ្កាបករណីប្រើប្រាស់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី បានចំនួន៧នាក់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យទាំង៧នាក់ ខាងលើនេះ រួមមាន ១៖ ឈ្មោះ​ ម៉ៃ រ៉ាណុប ហៅក្រាញ់ ភេទប្រុស អាយុ៣៨ឆ្នាំ, ២៖ ឈ្មោះ ឆន ឈេន ភេទប្រុស អាយុ៣២ឆ្នាំ, ៣៖ ឈ្មោះ ព្រិល រក្សា ភេទប្រុស អាយុ២៦ឆ្នាំ, ៤៖ ឈ្មោះ រ៉េន ញូញ ភេទប្រុស អាយុ២៤ឆ្នាំ, ៥៖ ឈ្មោះ បឿន រី ភេទស្រី អាយុ២៣ឆ្នាំ, ៦៖ ឈ្មោះ ពេជ្រ ស្រីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ និង៧៖ ឈ្មោះ សុខ សុភាព ភេទស្រី អាយុ៣០ឆ្នាំ។

ក្នុងនោះដកហូត បានវត្ថុតាងរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខបន្ទាយមានជ័យ 1H-5773, ទូរស័ព្ទដៃ១គ្រឿងម៉ាកអាយ ម៉ូបាយ ពណ៌ខ្មៅ, ខ្សែកកាឡៃ១ខ្សែ, កងដៃកាឡៃ២កង, ចិញ្ចៀនកាឡៃ១វង់, ប្រាក់ខ្មែរចំនួន២ម៉ឺនរៀល, ដែកកេះកែឆ្នៃចំនួន២, បំពង់បឺតចំនួន១ និងវត្ថុតាងមួយចំនួនទៀត។

លោកឧត្តមសេនីយ៍ត្រី បោន​ ប៊ិន មេបញ្ជាការអាវុធហត្ថ បានបញ្ជាក់នៅថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៨នេះថា ​ក្រោយការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

លោកមេបញ្ជាការ បានបញ្ជាក់បន្ថែមថា​ ក្រោយពីការសាកសួរ របស់កម្លាំងជំនាញ និងការធ្វើតេស្តទឹកនោម ជនសង្ស័យទាំង៧នាក់ខាងលើ ពិតជាបានប្រើប្រាស់ នូវសារធាតុញៀន ពិតប្រាកដមែន និងបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕