(រតនគិរី)៖ មន្ទីរអប់រំ​ យុវជន​ និងកីឡាខេត្ត​ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ បានបើកសន្និបាទបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា​២០១៧-២០១៨ ដែលសន្និបាទនេះធ្វើឡើងក្រោមអធិបតីភាព ​លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី​។

យោងតាមរបាយការណ៍របស់ លោក ខាត់ សាម៉ាល់ ប្រធានស្តីទីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា ឆ្នាំសិក្សា២០១៦-២០១៧ កន្លងមក តាមរយៈនៃការខិតខំប្រឹងប្រែង របស់ស្ថាប័នជំនាញ និងអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡានៅក្នុង ខេត្តរតនគិរី សម្រេចបានអត្រាសិស្សចូលរៀននៅបឋមសិក្សា​៩៥,៦% ​ដែលចំនួននេះ​មានកម្រិតប្រហាក់ប្រហែលទៅនឹងបណ្តារាជធានី-ខេត្តផ្សេងៗទៀត​។

​តាមរយៈនៃយុទ្ធនាការប្រមូលកុមារគ្រប់វ័យសិក្សាចូលរៀន ការសង់អគារ ការផ្តល់ និងពង្រាយគ្រូបង្រៀន ការរៀបចំកម្មវិធីពហុភាសា ការផ្តល់ថវិកាដំណើការ សាលារៀន ការផ្តល់អាហាររូបករណ៍ដល់សិស្សក្រីក្រ និងសិស្សជនជាតិដើមភាគតិចជាដើម បានបង្ក​លក្ខណៈឲ្យកុមារទទួលបានសេវាអប់រំកាន់តែច្រើនឡើង ខណៈដែលបច្ចុប្បន្ននៅទូទាំងខេត្ត មានសិស្សានុសិស្សសរុប​៥៧,១០៤​នាក់ បុគ្គលិកអប់រំទូទាំងខេត្ត មានចំនួន​១,៤១២​នាក់​។

លោក​ លន់ សុភាព អភិបាលរងខេត្ត បានលើកឡើងថា សង្គមជាតិអាចរីកចម្រើនអភិវឌ្ឍន៍បាន ត្រូវពឹងផ្អែកលើការងារអប់រំ ពិសេសការកសាងធនធានមនុស្ស​។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់អំពីស្ថានភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ ដោយបើកទូលាយនូវចរន្តទីផ្សារសេរី និងការតម្លើងប្រាក់បៀវត្សជូនកម្មករ មន្ត្រីរាជការជាបន្តបន្ទាប់​។

យ៉ាងណាមិញចំពោះ បុគ្គលិកសិក្សាអប់រំឃើញថា បៀវត្តន៍អប្បបរមា ១លាន​១ម៉ឺនរៀល និងបន្តតម្លើងនាខែមេសាខាងមុខទៀត ហើយថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់នូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយឥតគិតថ្លៃជូនគ្រូបង្រៀន អតីតគ្រូបង្រៀន និងមន្ត្រីរាជការសាធារណៈទាំងអស់ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ។

​នាឱកាសនេះដែរ អង្គសន្និបាទដែលមានរយៈពេល០២ថ្ងៃ នឹងធ្វើការពិភាក្សានូវបញ្ហាចំនួន​១១​ចំណុច ដើម្បីឲ្យវិស័យអប់រំនៅក្នុងខេត្ត កាន់តែទទួលបានប្រសិទ្ធភាព និងគុណភាពបន្ថែមទៀត៕