(ព្រះវិហារ)៖ លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ ការងារចុះបញ្ជី ដីធ្លីសម្រេចបាន២៣៧,១៤៣ប័ណ្ណ បើគិតពីចាប់ផ្តើមដំណើរការ លទ្ធផលសរុបសម្រេចបាន៤,៨៨១,៥៨២ក្បាលដី ស្មើនឹង៦៦% នៃចំនួនក្បាលដីប៉ាន់ស្មានសរុបទូទាំងប្រទេស ៧លានក្បាលដី។

ការបញ្ជាក់យ៉ាងដូច្នេះ ក្នុងឱកាសដែលលោក ឡៅ ទិព្វសីហា តំណាងលោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញបើកសន្និបាតបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៧-២០១៨ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩​ ខែមករានេះ។

លោក ឡៅ ទិព្វសីហា បានបញ្ជាក់ទៀតថា ការងារដោះស្រាយតំនាស់ដីធ្លី ក្នុងឆ្នាំ២០១៧ សម្រេចបានក្នុងយន្តការគណៈកម្មការសុរិយោដី គឺបានបញ្ចប់និតិវិធី នៃការសម្រុះសម្រួល សរុបបាន៨៥ករណី ច្រានចោល៣៧ករណី និងគូវិវាទ សុំដកពាក្យបណ្តឹងចំនួន១១ករណី។

លោកបន្តថា បើគិតចាប់ពីដំណើរការ រហូតឆ្នាំ២០១៧នេះ សម្រេចបាន ដោះស្រាយបញ្ចប់បានចំនួន៣,៦៥៥ករណី ច្រានចោល២,៥៤១ករណី និងគូវិវាទសុំដកពាក្យបណ្តឹង ចំនួន ៨២៩ករណី។ ក្នុងការដោះស្រាយវិវាទ ដោយក្រុមការងារ ក្រសួងរៀបចំដែនដី ទទួលពាក្យបណ្តឹង៥១១ករណី បានដោះស្រាយបញ្ចប់២៥ករណី និងធ្វើលិខិតឆ្លើយតប ទៅម្ចាស់បណ្តឹង ឫបង្វែ ទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន៩៨ករណី។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី ក៏បានថ្លែងផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ នៃមន្ទីររៀបចំដែនដី ខេត្តព្រះវិហារ ត្រូវបន្តពង្រឹងស្មារតី សាមគ្គីឯកភាព និងសហការគ្នាឲ្យបានល្អ ក្នុងការអនុវត្តផែនការការងារ ពិសេសជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ ពោលគឺត្រូវសម្របសម្រួល និងខិតខំ សម្រេចឲ្យបានការងាររបស់ខ្លួន ក្នុងស្មារតី បន្តជំរុញការកែតម្រង់ស៊ីជម្រៅ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន គឺធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព និងបានបើកអង្គសន្និបាតនេះ ចាប់ពីពេលនេះ តទៅ៕