(ស្វាយរៀង)៖ លោកស្រីបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តស្វាយរៀង បានថ្លែងជំរុញដល់សមាជិកបក្សទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ត្រូវបង្កើនសមត្ថភាពឲ្យបានខ្លាំងខ្លាបន្ថែមទៀត ក្នុងដោះស្រាយទុក្ខលំបាកជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសត្រូវបំរើសេវាសាធារណៈទាំងសេវាសំណូមពរ និងសេវាតម្រូវឲ្យបានឆាប់រហ័សបន្ថែមទៀត។

ការលើកឡើងបែបនេះ ខណៈដែលលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងខេត្តស្វាយរៀង ដែលជាអង្គបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅសាលប្រជុំធំ មន្ទីរគណបក្សខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។

លោកស្រី ម៉ែន សំអន បានថ្លែងទៀតថា ជាការពិតណាស់រយៈពេល៣៩ឆ្នាំនេះ ប្រទេសកម្ពុជាយើងទទួលបានសមទ្ធិផលធំៗជាច្រើន ដែលជាដឹកនាំដ៏ត្រឹមត្រូវ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ហើយបានផ្តោតសំខាន់ទៅលើវិស័យ៤ ជាអាទិភាពរួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស។

លោកស្រី បានផ្តាំផ្ញើដល់សមាជិកបក្សទាំងអស់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ នៅពេលខាងមុខនេះ សមាជិកបក្សត្រូវបន្តអនុវត្តភារកិច្ចជាចំបងចំនួន ដែលបានដាក់ចេញដូចជា ត្រូវចេះរក្សាសុខភាពឲ្យបានល្អ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ដើម្បីទៅបោះឆ្នោតបានគ្រប់ៗគ្នា រួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងសន្និបាតវិសាមញ្ញទូទាំងប្រទេស អំពីសមទ្ធផលរបស់រាជរដ្ឋាភិបាល។ គណបក្សខេត្ត ត្រូវកំណត់សន្ទុះនៅតាមភូមិឃុំសង្កាត់ក្តាប់ឲ្យបានសភាពការណ៍ ធានាពង្រឹងពង្រីក សមាជិកបក្សថ្មីបន្ថែមទៀត និងបន្តចូលឲ្យជ្រៅដើម្បីធានាបរិមាណ និងគុណភាព នយោបាយ​សតិអារម្មណ៍របស់សមាជិកបក្សផងដែរ។ ពង្រីកសមាជិកថ្មីជាពិសេស កម្មកររោងចក្រត្រូវផ្សព្វផ្សាយ ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចជា ការគិតគូរពីប្រាក់ខែ និងប្រាក់ឧបត្ថមផ្សេងៗរបស់កម្មករ និងសេវាសុខភាព ជាដើម មិនតែប៉ុណ្ណោះត្រូវនាំគ្នារក្សាតម្លៃសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ប្រាប់សមាជិកបក្សថា ត្រូវអនុវត្តឲ្យបាននូវអភិក្រមទាំងប្រាំចំណុចគឺ ដុះក្អែល ងួតទឹក ឆ្លុះកញ្ចក់ ព្យាបាល និងចុងក្រោយវះកាត់៕