(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៨​នេះ លោក ឆែ​ សុធា​ ប្រធាន​សាខាគយ​ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ​ តំណាង​លោកបណ្ឌិត គុណ​ ញឹម​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ អគ្គនាយក​ នៃអគ្គនាយក​ដ្ឋានគយ​ និងរដ្ឋាករ​កម្ពុជា និងលោក ​ង៉ោ​ ម៉េងជ្រួន អភិបាលរងខេត្ត​​បន្ទាយមានជ័យ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ដោយ​លោក ញឹម ​ប៊ុនលេខ​ ជំនួសលោក ​ជា​ ប៊ុនថន​ ដែលចូល​និវត្តន៍​។

លោក ឆែ សុធា បានលើកឡើងថា ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាលស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែក អ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រទេសជិតខាង ពិសេសយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទ។

នាឱកាសនោះ លោក ញឹម​ ប៊ុនលេខ ទើបឡើងកាន់តំណែងថ្មី បានឡើងប្តេជ្ញាចិត្តថា បំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន, គោរពប្រតិបត្តិឲ្យបាននូវ អភិក្រម៤ប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គោរពក្រមសីលធម៍ ជាមន្ត្រីគយ និងរដ្ឋាករ ក៏ដូចជា ចូលរួមសហការឲ្យបានល្អផ្ទៃក្នុងអង្គភាព និងមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធនានាជុំវិញស្រុកខេត្ត។ ជាពិសេស គោរពអនុវត្ត នូវភារកិច្ចសំខាន់ទាំង៣ របស់គយ រួមមាន៖ ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗជូនរដ្ឋឲ្យបានគ្រប់ និងលើសផែនការ, បង្ការ និងបង្ក្រាបអំពើរត់គេចពន្ធឲ្យបានលទ្ធផលខ្ពស់ សម្រួលពាណិជ្ជកម្មអន្តរជាតិ ឲ្យបានសមស្រប។

លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ដើម្បីឆ្លយតប ទៅនឹងគោលនយោបាយអាទិភាព ដែលបានលើកឡើងខាងលើ ការពង្រឹង និងការកែលម្អជាប្រចាំនូវដំណើរការគ្រប់គ្រងធនធានមនុស្ស គឺជាកត្តាសំខាង ចំបាច់បំផុត ដែលអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានសកម្ម និងមានប្រសិទ្ធភាពខ្ពស់។ លោកបន្តថា ចូលរួមសហការ រវាងភាគីថៃឲ្យល្អប្រសើ រួមគ្នាអនុវត្តន៍តាមបន្ទាត់ព្រំដែនជាមួយគ្នា ដើម្បីតភ្ជាប់នូវខ្សែរពាណិជ្ជកម្មជាមួយគ្នា។

លោកប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ បានណែនាំឲ្យមន្រ្តីថ្មីត្រូវបំពេញភារកិច្ចឲ្យបានខ្ជាប់ខ្ជួន មានវិន័យត្រឹមត្រូវ ប្រកបដោយគុណភាពវិជ្ជាជីវៈ និងប្រសិទ្ធភាព ការងារក្នុងក្របខ័ណ្ឌ ជាមន្ត្រីរាជការ​គយ និងរដ្ឋាករកម្ពុជា។ គោរពប្រតិបត្តិឲ្យបានល្អនូវអភិក្រម៤ប្រការ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញាវត្ថុ និងបទបញ្ជា៩ចំណុចរបស់អគ្គនាយកគយ និងរដ្ឋាករកម្ពូជា, គោរពអនុវត្តច្បាប់ បទប្បញ្ញាត្តិ នានាជាធរមានសំដៅប្រមូលចំណូលគ្រប់ផែនការ និងភាពរីកចំរើនរបស់ការិយាល័យគយ និងរដ្ឋាករបឹងត្រកួន, ចូលរួមអនុវត្តអោយបានសកម្ម និងខ្ជាប់ខ្ជូននូវភារកិច្ចសំខាន់ៗទាំង៣ របស់គយរួមមាន៖ទី១-ប្រមូលចំណូលពន្ធ អាករ និងកម្រៃផ្សេងៗ ជូនរដ្ឋឲ្យបានគ្រប់ផែនការ ទី២-បង្ការ និងបង្ក្រាបអំពើពន្ធ ឲ្យបានទទួលលទ្ធផលខ្ពស់ ទី៣-សម្រួលពាណិកម្មអន្តរជាតិអោយបានសមស្រប។

លោក ឆែ សុធា បានថ្លែងបន្ថែមថា​ មន្រ្តីដែលឡើងថ្មីត្រូវចូលរួមសហការឲ្យបានល្អប្រសើរជាមួយអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធ និងអង្គភាពនានាក្នុងស្រុកខេត្ត សំដៅទទួលបានសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីលទ្ធផល និងប្រសិទ្ធភាពការងារប្រមូលចំណូលពន្ធគយ និងរដ្ឋាករកម្ពុជា។

សូមបញ្ជាក់ថា​ លោក ជា ប៊ុនថន បានកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករបឹងត្រកួន អស់រយៈពេល១០ឆ្នាំ ខែ១ និង២២ថ្ងៃ ក្នុងរយៈពេលនោះលោក និងមន្ត្រីជំនាញទាំងអស់បានប្រមូលពន្ធចូលរដ្ឋ និងជួយសម្រួលលក្ខណៈពាណិជ្ជកម្មឆ្លងដែន និងបង្ការ និងបង្ក្រាបអំពើរត់ពន្ធផ្សេងៗ៖ ចំណូលពន្ធរយៈពេល១០ឆ្នាំ បានចំនួន ៤៨,១០៩,៧៥៤,៨០៧រៀល។

ជាក់ស្តែងចំណូលពន្ធក្នុងឆ្នាំ២០១៧ កន្លងមកនេះបានចំនួន៩,៥៨៦,៨៣៣,០០០រៀល ដូច្នេះក្នុងឆ្នាំ២០១៧ ក្នុង១ខែ គឺប្រមូលពន្ធជូនរដ្ឋបានចំនួន៧៩៨,៩០២,៧៥០រៀល និងបានធ្វើប័ណ្ណកម្មសិទ្ធិសំគាល់ អចនាទ្រព្យវត្ថុរបស់ការិយាល័យគយ និងរដ្ឋាករបឹងត្រកួន បានពង្រីក និងជីកស្រះទឹកឲ្យជ្រៅ បានសាងសង់អាគារស្នាក់ការិយាល័យគយ ១ខ្នង៦គុណ៧ម៉ែត្រ បានបង្កលក្ខណៈ​ងាយស្រួល ក្នុងការនាំកសិផលចេញ បង្ការ និងបង្ក្រាបអំពើរត់ពន្ធបានជាបន្តបន្ទាប់៕