(ភ្នំពេញ)៖ ក្រោយដឹកនាំចលនាអូឡាំពិក និងវិស័យកីឡាជាតិឲ្យមានភាពរីកចម្រើនយ៉ាងផុសផុល នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិសេសក្នុងអាណត្តិទី៦ ឆ្នាំ២០១៤-២០១៨ និងមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នកីឡាកំពូលរបស់កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលមានទំនាក់ទំនងផ្ទាល់ជាមួយបណ្ដាស្ថាប័នកីឡាអន្ដរជាតិធំៗជាច្រើន នឹងធ្វើមហាសន្និបាតបញ្ចប់អាណត្តិចាស់ ចូលអាណត្តិថ្មី (ទី៧) ឆ្នាំ២០១៨-២០២០ ដើម្បីបូកសរុបការងារ និងដាក់ចេញនូវផែនការយុទ្ធសាស្ដ្រជាច្រើន បាញ់ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងប្រាប់ក្រុមការងារគេហទំព័រ Fresh News ឲ្យដឹងថា មហាសន្និបាតបញ្ចប់អាណត្តិខាងលើ នឹងរៀបចំលក្ខណៈទ្រង់ទ្រងធំជាងមុន ព្រោះជាអាណត្តិពិសេស និងជាផែនទីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលគ្រោងធ្វើឡើង១ថ្ងៃពេញនាថ្ងៃទី១ ខែកុម្ភៈខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម រួមទាំងថ្នាក់ដឹកនាំ NOCC, តំណាងក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់សហព័ន្ធកីឡាជាតិទាំងអស់។

លោកបន្ដថា «ថ្នាក់ដឹកនាំរបស់ NOCC ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន នឹងប្រកាសចេញនូវផែនការយុទ្ធសាស្ដ្រដ៏ច្បាស់លាស់ ២ចំណុច ដែលជាផែនទីសម្រាប់អនុវត្តក្នុងអាណត្តិទី៧ នាឱកាសនោះ ទី១ គឺសេចក្ដីប្រកាសស្ដីពីយុទ្ធសាស្ដ្រសកម្មភាពមុនស៊ីហ្គេម និងទី២ សេចក្ដីប្រកាស ស្ដីពីការប្ដេជ្ញាចិត្តក្នុងការកំណត់ឲ្យសហព័ន្ធនីមួយៗ សម្រេចឲ្យបានក្នុងការដណ្ដើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣។ លើសពីនេះ ក៏នឹងមានការបង្ហាញនូវរបាយការណ៍ និងជជែកពីសមិទ្ធផល ពិសេសបញ្ហាប្រឈមនានា ដើម្បីដោះស្រាយ និងរៀបចំផែនការបាញ់ឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ានផងដែរ»

អគ្គលេខាធិការដដែលបានបន្ថែមទៀតថា ៤ឆ្នាំទៅខាងមុខ គឺជា៤ឆ្នាំសំខាន់ដ៏បំផុត សម្រាប់យុទ្ធសាស្ដ្រត្រៀមស៊ីហ្គេម។ ក្រោមហេតុនេះ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិនាពេលកន្លងមក គ្រប់សហព័ន្ធទាំងអស់ ត្រូវបានជំរុញឲ្យបង្កើនការអភិវឌ្ឍន៍ទ្វេដង ខណៈសហព័ន្ធមួយចំនួន ដែលមានជំងឺធ្ងន់ធ្ងរត្រូវធ្វើការព្យាបាល ឬវះកាត់ចេញជាបន្ទាន់ ដើម្បីឈានទៅសម្រេចគោលដៅដែលដាក់ចេញ។ យ៉ាងណាមិញប៉ុន្មានឆ្នាំចុងក្រោយ វិស័យកីឡាជាតិហាក់មានសន្ទុះរីកចម្រើនខ្លាំង បន្ទាប់ពី NOCC បានដាក់ចេញនូវផែនការកំណែទម្រង់ ពិសេសគឺមានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកលើសមិទ្ធផលទាំងនោះ នឹងធ្វើឲ្យកម្ពុជា មានសង្ឃឹមច្រើនក្នុងការសម្រេចផែនការដណ្ដើមមេដាយក្នុងនាមជាម្ចាស់ផ្ទះ៕