(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ចាម រួមមានកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងជំនាញជលផលខេត្ត បានបើកប្រតិបត្ដិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ ក្នុងស្រុកស្ទឹងត្រង់។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងក្រោយទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ ហើយលោកបានបញ្ជា លោកអធិការនគរបាលស្រុកស្ទឹងត្រង់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រះឃ្លាំង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុក និងជំនាញជលផលខេត្ត ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចខ្នាច ស្ថិតក្នុងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃប្រតិបត្តិការបង្ក្រាប ដកហូតបាន លូស្បៃមុងចំនួន ៥២មាត់, ព្រួលស្បៃ ប្រវែង ១៥៦៥ម៉ែត្រ, បង្គោលឬស្សីចំនួន ៧៨២ដើម និងចាក់លែងកូនត្រីចំរុះ ចំនួន៨២គីឡូក្រាម។ ដោយឡែក ចំពោះសម្ភារៈវត្ថុតាង បានធ្វើការដុតកម្ទេចចោលនៅកន្លែងតែម្ដង៕