(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រាន់តែចុះពីលើយន្តហោះត្រឡប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសឥណ្ឌាមិនទាន់ទាំងបានផ្លាស់ប្តូរសម្លៀកបំពាក់ផង ក៏បន្តទទួលជួបពីភាក្សាការងារជាមួយលោក តូ ឡាំ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងគណៈប្រតិភូ។

ក្នុងជំនួបនេះ លោក TO LAM បានជំរាបជូនសម្តេចតេជោ អំពីស្ថានភាពប្រទេសវៀតណាមថា វៀតណាម បានទទួលជោគជ័យលើការគ្រប់គ្រងសេដ្ឋកិច្ច និងសង្គម បញ្ហាសុវត្ថិភាព ហើយបញ្ហាការទូត ក៏ទទួលជោគជ័យផងដែរ កាលពី ឆ្នាំ២០១៧កន្លងមក។ លោកបន្តថា ដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ដើម្បីជួបប្រជុំជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ប្រជុំពិនិត្យមើលលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ នៃឆ្នាំ២០១៧ ហើយនឹងលើកទិសដៅសម្រាប់ការអនុវត្តរួមគ្នានៅឆ្នាំ២០១៨ផងដែរ។

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជំរាបជូនសម្តេចដែរថា ការងារដែលកំណត់ទុកកន្លងមករវាងនគរបាលវៀតណាម និងកម្ពុជា បានទទួលជោគជ័យនៅ​ឆ្នាំ២០១៧ ហើយទំនាក់ទំនង រវាងក្រសួងទាំងពីរ ត្រូវបានពង្រីក និងពង្រឹងយ៉ាងស៊ីជម្រៅ។
ជាពិសេសការទប់ស្កាត់នូវឧក្រិដ្ឋកម្មនៅតាមព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងបានជំរុញកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែនកាន់តែរឹងមាំថែមទៀត ធ្វើឲ្យប្រជាជននៅតាមព្រំដែន បានប្រកបរបរអាជីវកម្មដោយសុវត្ថិភាព និងមានទំនាក់ទំនងគ្នាយ៉ាងល្អប្រសើរ។

ចំពោះទិសដៅឆ្នាំ២០១៨ លោក TO LAM ក៏បានគោរពជំរាបជូនសម្តេចដែរថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការជាវប្បធម៌ ជាប្រពៃណី ហើយនឹងពង្រីកនូវទំនាក់ទំនងនេះ ឱ្យបានកាន់តែខ្លាំឡើងថែមទៀត។

ជាកាឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា ក្រសួងទាំងពីរបានធ្វើការជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសជាមួយនឹងយន្តការនៃការជួបគ្នា រវាងខេត្តនិងខេត្ត ​ដែលនៅជាប់ព្រំដែន រវាងប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ឲ្យក្រសួងទាំងពីរ គឺក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តសហការគ្នា។ ជាពិសេស លោក TO LAM និងសម្តេចក្រឡាហោម ស ខេង បន្តធ្វើការរួមគ្នាបន្តទៀតពាក់ព័ន្ធការ ងារសន្តិសុខរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់នៅវេលាម៉ោងប្រមាណ ១៖៥២នាទីរសៀលថ្ងៃនេះសម្តេចតេជោ បានដឹកនាំគណៈប្រតិភូត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា។ បើទោះបីត្រូវចំណាយថាមពលច្រើនជាមួយភាពមមាញឹកក្នុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌា ហើយចំណាយពេលច្រើនម៉ោងនៅលើយន្តហោះយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ដោយគ្រាន់តែចុះពីលើយន្តហោះភ្លាម ក៏បន្តដំណើរទៅកាន់វិមានសន្តិភាព ដើម្បីទទួលជួបភ្ញៀវ ដែលសូម្បីតែអាវក៏មិនបានផ្លាស់នោះដែរ៕