(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបារាយណ៍ បានថ្លែងប្រាប់ពុទ្ធបរិស័ទថា គ្មានអ្វីសប្បាយជាងសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស និងគ្មានអ្វីមោទនភាពជាងប្រជាធិបតេយ្យក្នុងសង្គមនោះឡើយ ហើយសច្ចធម៌នៃប្រវត្តិសាស្ត្រជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការផ្ដល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅវត្តជ្រលង ស្ថិតក្នុងឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

លោកថ្លែងរៀបរាប់យ៉ាងក្បោះក្បាយ ពិសេសសង្កត់ធ្ងន់ថា «គ្មានអ្វីសប្បាយជាងសន្តិភាព គ្មានអ្វីមោទនភាពជាងលទ្ធិប្រជាធិបតេយ្យ ហើយសច្ចធម៌នៃប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងកាផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន»។

លោកបានបន្តថា ប្រជាពលរដ្ឋ និងសាសនិកជនគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវសច្ចធម៌ប្រវត្តិសាស្ត្រ ដែលសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជន បានកសាងឡើងក្នុងដំណើរលើផ្លូវដ៏វែងឆ្ងាយមួយ ដូចជា ដំណើរទៅរកការសង្គ្រោះជាតិរបស់សម្ដេចតេជោ កាលពីឆ្នាំ១៩៧៧ និងការរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការចរចា ការតស៊ូការទូតលើផ្លូវដ៏វែងឆ្ងាយយ៉ាងលំបាកលំបិន ការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ចាប់ពីឆ្នាំ១៩៩៨ ដែលបាននាំមកនូវសន្តិភាព នយោបាយត្រីកោណ និងចតុកោណ នយោបាយអភិវឌ្ឍន៍ ការការពាររដ្ឋធម្មនុញ្ញ ការគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត នយោជិក មន្ត្រីរាជការ ឲ្យមានជីវភាពរស់នៅរីកចម្រើនរហូតមកសព្វថ្ងៃនេះ ។ល។

លោកបានបញ្ជាក់ថា ការខិតខំទាំងអស់នេះរបស់គណបក្សប្រជាជន និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី ខុសពីអតីតគណបក្សសង្គ្រោះជាតិទាំងស្រុង មានសម រង្ស៊ី កឹម សុខា ដែលធ្វើអ្វីៗដើម្បីតែខ្លួនឯង និងបម្រើបរទេស ញុះញង់ឲ្យផ្ដាច់ជំនួយដល់កម្ពុជា បញ្ឈប់ការវិនិយោគនៅកម្ពុជា និងបញ្ឈប់ការទិញទំនិញពីកម្ពុជា ដែលជាការបំផ្លាញប្រទេសជាតិ និងប្រជាជនកម្ពុជាខ្លួនឯង។

ផ្អែកតាមប្រសាសន៍របស់លោករដ្ឋមន្ត្រី គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ឲ្យប្រជាជនកម្ពុជាផ្ដល់នូវយុត្តិធម៌ដល់សម្ដេចតេជោ ពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា នាឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ ដើម្បីគាំទ្រឲ្យសម្ដេចតេជោ ហ៊ុន សែន ជាប់ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្តទៀត ពិសេសប្ដូរផ្ដាច់ការពាររក្សាសន្តិភាពឲ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។

លោកបន្ថែមថា ប្រទេសដែលស្រលាញ់សន្តិភាព និងប្រជាធិបតេយ្យពិតប្រាកដ បានបង្ហាញឆន្ទៈគាំទ្រពេញចិត្តចំពោះកម្ពុជា ដែលកំពុងខិតខំថែរក្សាសន្តិភាព និងកំពុងដើរតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការបោះឆ្នោតដ៏ត្រឹមត្រូវ និងយុត្តិធម៌រាល់លើកកន្លងមក និងប្រឆាំងដាច់ខាតចំពោះប្រជាធិបតេយ្យក្លែងក្លាយ ដែលនាំមកនូវចលនាបដិវត្តពណ៌ និងឈានទៅដល់ការបង្កើតសង្គ្រាម និងបំផ្លិចបំផ្លាញប្រទេសជាតិ បំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។ លោកថា ពិភពលោក ពិសេសប្រទេសដែលស្រលាញ់សន្តិភាព កំពុងនាំគ្នាថែរក្សាសណ្ដាប់ធ្លាប់ពិភពលោកទាំងមូល។

លោកបានរំឭកច្បាស់ថា កម្ពុជា បើគ្មានគណបក្សប្រជាជនកម្ពុជា គ្មានសម្តេចតេជោ ហ៊ុន សែន គឺមិនអាចមានសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍបានឡើយ ដូច្នេះសូមបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីបានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយ និងអាណត្តិបន្តបន្ទាប់ទៀត។

បើតាមលោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ បានឲ្យដឹងថា ក្នុងស្រុកបារាយណ៍បានវត្តអារាមចំនួន ៧២វត្ត និងអាស្រមចំនួន៦ ដែលមានព្រះសង្ឃចំនួន ៧៥៨អង្គ មានសាលាពុទ្ធិកសិក្សាចំនួន ២៧កន្លែង ដែលមានសមណសិស្សសរុបចំនួន ៣៧៣អង្គ។

សូមជម្របថា ក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅវត្តជ្រលងខាងលើនេះ ទទួលបានថវិកាពីលោករដ្ឋមន្ត្រី ថោង ខុន និងលោកស្រី រួមទាំងសប្បុរសជននានាប្រមាណជាង ១៥លានរៀល៕