(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជាស្គាល់ច្បាស់ហើយ ជាពិសេស​អ្នកដែល​និយមតាមដាន វិស័យសិល្បៈ​ផ្នែកប្រឡងបវរកញ្ញា គឺ​កញ្ញា សៅ សូត្រទំរង់ពេជ្រ ដែលជា បវរកញ្ញាសាកលវិទ្យាល័យកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ប្រចាំប្រទេស និងជាប់ចំណាត់ថ្នាក់លេខ៤ លើឆាកអន្តរជាតិ ក្នុងការប្រកួតបវរកញ្ញា សាកលវិទ្យាល័យពិភពលោក។ ​ជាការពិតណាស់ ថាទស្សនិកជនចាប់អារម្មណ៍នាង បន្ទាប់ពីនាងជាប់ជាជ័យលាភីទាំងនេះ ខណៈកាលពីពេលកន្លងមក មិនមានទស្សនិកជនច្រើនទេស្គាល់នាង។ យ៉ាងណាមិញ តើទស្សនិកជនដឹងដែរទេ ថា​ក្រោយពីជាប់ចំណាត់ថ្នាក់ នឹងឈានដល់ Top 5 ក្នុងប្រទេស នាងមាននរណាម្នាក់អញ្ជើញទៅញ៉ាំស្រា ឬ​អាហារពេលល្ងាចដែរឬទេ?

ថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmertalking កញ្ញា សៅ សូទ្រទំរង់ពេជ្រ បានប្រាប់ពីសកម្មភាព របស់នាងជាច្រើន មុនពេល និងក្រោយពេល ជាប់ជាជ័យលាភី លេខ១ ក្នុងប្រទេស និងលេខ ៤ លើឆាកអន្តរជាតិឲ្យដឹង​ថា ​ក្រោយពេលដែល នាងឈានមកដល់ថ្ងៃនេះ គឺដោយសារតែមានការជំរុញទឹកចិត្តពីសំណាក់ ក្រុមគ្រួសារ និងមិត្តភ័ត្តរបស់នាង ហើយបន្ទាប់ពីនាងជាប់ជាជ័យលាភីលេខ១ ​ប្រចាំប្រទេស គឺមានទាំងក្រុមគ្រួសារ មិត្តភក្តិ និងខាង Agency (អ្នកឧបត្ថម្ភ) របស់ខ្ញុំនាងផងដែរ ដែលពួកគាត់តែងតែជំរុញលើកទឹកចិត្តនាង ឲ្យ​មានជំនឿចិត្តឡើង ខំប្រឹងបន្ថែមទៀត ក្នុងការទៅប្រកួតលើឆាកអន្តរជាតិ ដើម្បីយកជ័យជំនះនេះ​។

កញ្ញា សៅ សូត្រទំរង់ពេជ្រ បាននិយាយ​ថា «សម្រាប់ជ័យលាភីបវរកញ្ញាឯកនេះ កាលពីប្រឡងនៅខ្មែរគ្នាយើងហ្នឹង គឺខ្ញុំទទួលបានប្រាក់រង្វាន់ ៣៥០០ ដុល្លារ និងពាន «Miss Intelligent» ព្រមទាំង Certificate ដែល មានទាំង Certificate អន្តរជាតិ និងជាតិផងដែរ។ យ៉ាងណាមិញ ក្រោយពីជាប់ Top 5 ក្នុងប្រទេសនោះ ហើយក៏ត្រៀមខ្លួននឹងប្រកាសលទ្ធផល គឺខ្ញុំមិនមានគណៈកម្មការណា ឬអ្នក Sponser អញ្ជើញទៅញ៉ាំស្រា ឬបាយល្ងាចជាមួយទេ បង..! គឺអត់មានតែម្ដង»

ទោះបីជាកញ្ញា សៅ សូត្រទំរង់ពេជ្រ បានឆ្លើយបញ្ជាក់ថា គ្មាននរណាហៅ ឬអញ្ជើញនាងទៅញ៉ាំបានល្ងាយ ដើម្បីពិភាក្សាការងារ ឬនិយាយរឿងអ្វីផ្សេងក្ដី ប៉ុន្តែបវរកញ្ញាឯករូបនេះ បានសម្ដែងការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលពិធីករ និងពិធិការិនីសួរត្រង់ចំណុចនេះ ហើយនាងអាចយល់ថា ការឈានជើងមកដល់ដំណាក់កាលនេះ អាចប្រឈមនឹងបញ្ហាជាច្រើន ដែលត្រូវកើតឡើង និងមានដំណោះស្រាយ ជាពិសេសគឺអ្នកតាមស្រឡាញ់ និងតាមចែចង់យកនាង ពីសំណាក់កន្លង់ៗសម្បូរទ្រព្យ ដើម្បីបាននាងជាគូអនាគត។

គួរបញ្ជាក់ថា កញ្ញា សៅ សូត្រទំរង់ពេជ្រ គឺជានិស្សិត សិក្សាជំនាញភាសាអង់គ្លេស (TESOL) មកពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ និស្សិតស្រីឆ្នើមវ័យ ២៣ឆ្នាំរូបនេះ បានយកឈ្នះកញ្ញាឯក ១៩ រូបផ្សេងទៀតក្នុងប្រទេសកម្ពុជា រហូតជាប់ចំណាត់ថ្នាក់លេខ​១ និងជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងការចូលរួមការប្រកួតក្នុងកម្មវិធី «បវរកញ្ញាសាកលវិទ្យាល័យ ពិភពលោកអន្តរជាតិ ២០១៧»។

ដើម្បីជ្រាបកាន់តែច្បាស់ថា សៅ សូត្រទំរង់ពេជ្រ និយាយអ្វីខ្លះក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នោះ សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖