(កំពង់ធំ)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបានច្រើន ដោយកំណត់បរិមាណផលិតផលឲ្យបាន ២៩ម៉ឺនតោន នៅឆ្នាំ២០២០ ខណៈកម្ពុជា ជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិបានច្រើនម៉ឺនតោន ក្នុងមួយឆ្នាំៗ ស្ថិតក្នុងលំដាប់ថ្នាក់ទី១៦ ក្នុងចំណោមបណ្តាប្រទេសផលិតកៅស៊ូធម្មជាតិលើសកលលោក។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងយ៉ាងដូច្នេះថា «គោលដៅរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាបង្កើនផ្ទៃដីដាំដុះកៅស៊ូឲ្យបានច្រើន ដោយកំណត់បរិមាណផលិតផលចំនួនប្រមាណ ២៩ម៉ឺនតោន នៅឆ្នាំ២០២០»។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគទាំងអស់ ដែលមកវិនិយោគនៅកម្ពុជាដែលមានចំនួនកាន់តែច្រើនឡើង ដែលស្តែងឲ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេស ចំពោះស្ថានភាពជាក់ស្តែងនៅកម្ពុជា ដែលកំពុងមានសុខសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង២ទស្សវត្សរ៍ កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ថ្លែងបែបនេះក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នូវរោងចក្រកែច្នៃកៅស៊ូស្ទោង ស៊ីអស៊ីខេ២ របស់ក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ ដែលស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក វូ កាងមីញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា លោក តា្រញ់ ង៉ុកធុង អគ្គនាយកសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម និងកម្មករ-កម្មការីនី ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោក ង្វៀន យីលិញ អគ្គនាយកក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ បានឲ្យដឹងថា ក្រុមហ៊ុនកៅស៊ូបានចាប់ផ្តើមអនុវត្តគម្រោងនៅឆ្នាំ២០០៩ និងបានដាំដុះកៅស៊ូនៅឆ្នាំ២០១០ និងបញ្ចប់នៅឆ្នាំ២០១៤ លើផ្ទៃដី ១២,៦៦៨ហិចតា បើគិតមកដល់ឆ្នាំ២០១៧ ក្រុមហ៊ុនបានចំណាយទុនវិនិយោគចំនួន ១២០លានដុល្លាអាមេរិក។

លោកបន្ថែមថា គិតមកត្រឹមឆ្នាំ២០១៧ ក្រុមហ៊ុនចៀរជ័របាន ៣,៨៧៦ហិចតា ដោយប្រមូលជ័របាន ២,៣៦៧តោន ស្មើនឹង ១១០.៦៣% នៃផែនការ។ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ សម្ព័នសហគ្រាសកៅស៊ូវៀតណាម បានអនុញ្ញាតឲ្យក្រុមហ៊ុនកៅស៊ូ ជីសេ កំពង់ធំ សាងសង់រោងចក្រកែច្នៃកៅស៊ូដែលមានសមត្ថភាពផលិតរហូតដល់ ៤៥ពាន់តោន ក្នុងមួយឆ្នាំ សម្រាប់បម្រើដល់ក្រុមហ៊ុនកៅស៊ូចំនួន៣ គឺក្រុមហ៊ុនស៊ីអស៊ីខេ២ ក្រុមហ៊ុនបៀនហៀក និងក្រុមហ៊ុនមេគង្គ។

លោក តា្រញ់ ង៉ុកធុង បានឲ្យដឹងថា សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមកំពុងគ្រប់គ្រង់លើការផលិត ការប្រមូលផល និងកែច្នៃកៅស៊ូលើផ្ទៃដីសរុបទាំងក្នុងប្រទេស និងក្រៅប្រទេសចំនួនជាង ៤០ម៉ឺនហិចតា។ ក្នុងឆ្នាំ២០១៧ ប្រមូលផលកៅស៊ូបានជាង២៧៨ពាន់តោន កែច្នៃជ័រកៅស៊ូគ្រប់ប្រភេទបានជាង ៣៦៥ពាន់តោន លក់ចេញបាន ៣៤៥ពាន់តោន និងបានចំណូលសរុបជាង ៣០៣លានដុល្លាអាមេរិក។

លោកថា ចាប់តាំងពីឆ្នាំ២០០៧ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានវិនិយោគដំណាំកៅស៊ូនៅកម្ពុជាសរុប ១,០០០លានដុល្លាអាមេរិក ហើយគិតមកដល់បច្ចុប្បន្ន ផ្ទៃដីកៅស៊ូរបស់ក្រុមហ៊ុនទាំងអស់ចំណុះសម្ព័ន្ធមានជិត ៩០,០០០ហិចតា សិ្ថតក្នុងខេត្តកំពង់ធំ ក្រចេះ មណ្ឌលគីរី រតនគីរី ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ ដែលចំណាយទុនវិនិយោគប្រមាណជាង ៦០០លានដុល្លាអាមេរិក៕