(ព្រះសីហនុ)៖​ គិតត្រឹមវេលាម៉ោងជិត៨យប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្រុមកម្មកររាប់ពាន់នាក់នៅរោងចក្រ New Star ខេត្តព្រះសីហនុ ដែលផ្ទុះការតវ៉ាបិតផ្លូវជាតិលេខ៤ បានបើកផ្លូវវិញហើយ រង់ចាំការដោះស្រាយជាមួយមន្រ្តីជំនាញ និងអាជ្ញាធរ។ នេះបើតាមការបញ្ជាក់ពីស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News។

បើតាមលោកឧត្តមសេនីយ៍ស្នងការ «បងប្អូនកម្មករ បានបើកផ្លូវជាតិវិញហើយ ដោយអាចធ្វើចរាចរណ៍វិញបាន ដោយពួកគេរង់ចាំការដោះស្រាយ ជាមួយមន្រ្តីមន្ទីរការងារ និងអាជ្ញាធរ»

សូមបញ្ជាក់ថា ក្រុមកម្មកររាប់ពាន់នាក់ បានផ្ទុះការតវ៉ាបិតផ្លូវជាតិលេខ៤ មិនឲ្យយានយន្តចរាចរណ៍ឆ្លងកាត់នោះទេ ដោយសាររឿងទាមទារ បើកលុយ៥ភាគរយកាលពីអាទិត្យមុន។ ការនាំគ្នាបិតផ្លូវជាតិខាងលើនេះ បានបណ្តាលឲ្យជាប់គាំងរថយន្តអ្នកដំណើរមិនតិចគ្រឿងនោះទេ ទាំងការធ្វើដំណើរចូលក្រុងព្រះសីហនុ និងចេញពីក្រុងមកវិញ៕