(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឲ្យប្រតិភូនៃប្រទេសថៃ ដែលដឹកនាំដោយលោកឧត្តមនាវីត្រី ណុប ផាដុនប៉ាន់យ៉ាឈូម មេបញ្ជាការរងការពារព្រំដែន ខេត្តច័ន្ទបូរី-ត្រាត ​នៃប្រទេសថៃ និងសហការី ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹកចំណងមិត្តភាពរវាងខេត្ត នៅជាប់ព្រំដែននៃប្រទេសទាំង២ ឲ្យកាន់តែ ជិតស្និទ្ធថែមទៀត។

ក្នុងជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត​ ​លោកមេបញ្ជាការ-មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងជំនាញពាក់ព័ន្ធផងដែរ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

លោក កើត សុធា បានសម្តែងនូវការ​ស្វាគមន៍ និងថ្លែងអំណរ​គុណចំពោះលោក​ឧត្តមនាវីត្រី មេបញ្ជាការរងការពារព្រំដែន​ខេត្ត​ច័ន្ទបូរី-ត្រាត ​នៃប្រទេសថៃ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមក​ជួបសម្តែងការគួរសម និងពិភាក្សា​ការងារទំនាក់ទំនងការងារសន្តិសុខ នៅតាមព្រំដែនរវាងប្រទេសទាំង២។

អភិបាលខេត្តប៉ៃលិន បានបន្ដថា ជំនួបពិភាក្សានេះ បង្ហាញឲ្យ​ឃើញ​ពី​ចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ច​សហប្រតិបត្តិការ លើគ្រប់​វិស័យ ជាពិសេសវិស័យ ការពារជាតិ នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នៅក្នុងឱកាសនោះផងដែរ លោក កើត សុធា ក៏បាន​សំណូមពរ ដល់ភាគីថៃ បន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការប្រើប្រាស់​ប័ណ្ណឆ្លង​ព្រំដែនថ្មី, ពលករខ្មែរឆ្លងដែន ខុសច្បាប់, បទល្មើសឆ្លងដែននានា និងការដឹកកសិកផល ​ឆ្លង​ដែនរវាងខេត្តទាំង២ ចាន់បុរី និងប៉ៃលិន។

ជាការឆ្លើយតប​ លោកឧត្តមនាវីត្រី ណុប ផាដុនប៉ាន់យ៉ាឈូម មេបញ្ជាការរង ការ​ពារ​​ព្រំដែនខេត្តច័ន្ទបូរី-ត្រាតនៃប្រទេសថៃ បាន​សន្យា​នាំយកនូវរាល់សំណូមពរ របស់រដ្ឋបាល ខេត្តប៉ៃលិន ទៅពិភាក្សាជាមួយអភិបាលខេត្តចាន់បុរី និងជំនាញពាក់ព័ន្ធ ដើម្បី​បង្កើន​​កិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ឲ្យបានកាន់តែល្អប្រសើរឡើង។

លោកបាន​បន្ត​​​ថា នៅពេលខាងមុខ លោកចង់ឲ្យរដ្ឋបាលខេត្តចាន់បុរី និងខេត្តប៉ៃលិន ជួបប្រជុំ​គ្នាឲ្យបានញឹកញ៉ាប់ ដើម្បីរក្សានូវសន្តិសុខតាមបណ្តោយព្រំដែន និងផលប្រយោជន៍​នៃ​ប្រជាជន​​ប្រទេសខេត្តទាំង២៕