(កំពង់ចាម)៖ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ តំណាងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ដែលមានលោក តុប សូមានិត, លោក ញ៉ យូស៊ីញ និងលោក អាន ម៉ារ៉ាដា រួមសហការជាមួយក្រុមការងារយុវជនស្រុកបាធាយ បានប្រគល់អណ្តូងស្នប់ចំនួនមួយ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិត្រាវភ្នី ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ដែលជួបនូវការលំបាក ដោយសារនៅទីនោះខ្វះប្រភពទឹក ដែលបម្រើដល់សេចក្តីត្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

អណ្តូងទឹកនេះ អាចសម្រួលនូវការលំបាករបស់ប្រជាពលរដ្ឋ បានប្រមាណជា២០គ្រួសារ ត្រូវជាង១០០នាក់។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ក្រុមការងារយុវជនបានទទួលនូវសំណូមពីប្រជាពលរដ្ឋភូមិត្រាវភ្នីនេះ តាមរយៈក្រុមការងារយុវជនស្រុកបាធាយ ស្នើសុំនូវអណ្តូងស្នប់។ ហេតុដូច្នេះ ក្រុមការងារយុវជននៃទីក្រុងមែលប៊ល ដែលមានលោក ឡាក់ រ៉ាវុធ ជាប្រធាន លោក ផុន ប៊ុនថេល លោក ណារី សារ៉ា លោក ម៉ៅ សុណារិទ្ធិ និង បងប្អូនផ្សេងៗទៀត ក៏បានប្រមែប្រមូល និង សន្សែសន្សំថវិកាដែលប្រមូលបានពីបងប្អូនខ្មែរ នៃទីក្រុងម៉ែលប៊ន តាមរយៈមូលនិធិប្បុរសធម៌ នាថ្ងៃទី០៨ មេសា ២០១៧ កន្លងទៅ។

អណ្តូងទឹកនេះ មិនមែនជាសមិទ្ធិផលលើកទី១ទេ ដែលក្រុមការងារនៃក្រុងម៉ែលប៊ន បានផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ដែលជួបនូវការលំបាក នៅតាមកន្លែងផ្សេងៗ នៃប្រទេសកម្ពុជា។

តាមការសង្កេត បងប្អូនប្រជាពលរដ្ឋមានទឹកមុខញញឹមរីករាយ ព្រោះអណ្តូងទឹកនេះពិតជាបានជួយដោះស្រាយ នូវការលំបាករបស់ពួកគាត់ ដែលកន្លងមក ពួកគាត់ត្រូវធ្វើដំណើរទៅយកទឹកពីស្រះ នៅវត្តតាំងក្រសាំង ដែលមានចង្ងាយប្រមាណ២គីឡូម៉ែត្រពីលំនៅដ្ឋាន។

ជាចុងក្រោយ ក្រុមការងារបានធ្វើការផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ រួមគ្នាថែរក្សាសម្បត្តិរួម និង ធ្វើការជួសជុល ឲ្យបានទៀតទាត់ ទុកសម្បត្តិនេះឲ្យគង់វង្ស និង ប្រើប្រាស់យូរអង្វែង។