(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយអនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃទូទាំងខេត្តបន្ទាយមានជ័យ លើកទី២៦។

ក្នុងពិធីនេះក៏មានការនិមន្ត និងអញ្ជើញពីថ្នាក់ដឹកនាំក្រសួង មន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំឥស្លាមសាសនា គ្រឹស្តសាសនា និងមន្ត្រីរាជការក្រោមឱវាទមន្ទីរធម្មការនិងសាសនាខេត្ត សរុបប្រមាណជិត៨៦១អង្គ/នាក់ នៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនោះដែរ លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដោយ ស្មោះនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជាគណៈ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធសាសនិកទាំងអស់ព្រមទាំងពុទ្ធបរិស័ទ្ធដែលបានរួមគ្នាទ្រទ្រង់ ព្រះពុទ្ធសាសនា ឲ្យមានការរីកចម្រើនសមស្របទៅនឹងការអភិវឌ្ឍរបស់សង្គមជាតិយើង។

ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តី មានក្តីរីករាយណាស់ដោយបានឃើញនូវកម្លាំងសាមគ្គីធម៌ដ៏ល្អប្រសើររបស់ព្រះសង្ឃទាំងពីរគណៈ ពុទ្ធសាសនិកជន រួមសាមគ្គីក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្តេចព្រះអគ្គសង្ឃរាជទាំងពីរព្រះអង្គ។ នៅតាមទីវត្តអារាមលោកតាជី លោកយាយជីលោកមានសន្តានចិត្តជ្រះថ្លាបានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យនិងបានជួយអប់រំកូនចៅអោយប្រតិបត្តិតែអំពើល្អដែលជាការរួមចំណែកកសាងមនុស្សល្អរបស់សង្គមជាតិយើង។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា ស្របទៅនឹងការរីកចម្រើនទាំងនេះក៏យើងនៅមានបញ្ហាមួយចំនួនដែលត្រូវរួមគ្នាដោះស្រាយ ដោយឈរលើទស្សនៈថាព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម។ ការពិគ្រោះពិភាក្សាលើបញ្ហាបច្ចុប្បន្នភាពដែលមហាសន្និបាត នឹងលើកឡើង គឺជាប្រការមួយសមស្របនិងចាំបាច់ត្រូវដោះស្រាយចំពោះមុខ៕