(រតនគីរី)៖ ថ្លែងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នារសៀលថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបានលើកឡើងថា សាខាកាកបាទក្រហមកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងារសង្គម ជាពិសេសការងារជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដូចជាជនចាស់ជរាគ្មានទីពឹង កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ គ្រោះមហន្តរាយខ្យល់កន្ត្រាក់ និងភ្លើងឆេះផ្ទះជាដើម។

លោក ថង សាវុន ដែលជាអភិបាលខេត្តរតនគិរីដែរនោះ បានអះអាងថា រយៈពេលពេញមួយឆ្នាំ២០១៧ កាកបាទក្រហមកម្ពុជាខេត្ត សម្រេចបានលទ្ធផលក្នុងការជួយសង្គ្រោះសំខាន់ៗដូចជា ផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយសារអគ្គិភ័យចំនួន ១៥គ្រួសារ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ៤៥គ្រួសារ គ្រួសាររងគ្រោះដោយរន្ទះបាញ់ ០៤គ្រួសារ ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរ ០២ គ្រួសារ កសាងអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ៣៤អណ្តូង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ជនចាស់ជរា កុមាកំព្រា ស្ត្រីមេម៉ាយ ជនពិការ ក្រីក្រចំនួន ៥១០គ្រួសារ។

ទន្ទឹមនឹងនោះ ក្នុងកិច្ចប្រជុំនេះប្រធានសាខាកាកបាទក្រហមខេត្តរតនគិរី បានស្នើឲ្យគណៈកម្មាធិការសាខា អនុសាខាទាំងអស់ បន្តយកចិត្តទុកដាក់ពង្រឹងលើវិស័យស្នូលទាំងបួនរបស់កាកបាទក្រហមកម្ពុជារួមមាន៖ ទី១. ការឆ្លើយតបគ្រោះមហន្តរាយ, ទី២. ការងារសុខភាព និងការថែទាំសុខភាពសហគមន៍, ទី៣. ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធម៌ និងទី៤. ការងារអភិវឌ្ឍស្ថាប័ន និងធនធានមនុស្ស ដើម្បីសម្រេចបាននូវការងារជាអាទិភាពរបស់ខ្លួនក្នុងសកម្មភាពមនុស្សធម៌៕