(ឈៀងម៉ៃ ប្រទេសថៃ)៖ ​កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣​​​ (ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ) លើកទី១៧ បានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅឈៀងម៉ៃ ប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូក៣ បានវាយតម្លៃខ្ពស់ចំពោះការកើនឡើងនៃចំនួនទេសចរអន្តរជាតិ ​មកកាន់​តំបន់​អាស៊ាន​​​បូក៣ ដោយទទួលបានទេសចរអន្តរជាតិចំនួន ១៧៥លាននាក់ កើនឡើង ៦.៧% ធៀបនឹងឆ្នាំ២០១៦។ នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។

លោក ថោង ខុន បានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ពោះវឌ្ឍនភាព​ ដែលបានអនុវត្តផែនការ​សកម្មភាពសហប្រតិ​បត្តិការទេសចរណ៍អាស៊ានបូក៣ ឆ្នាំ២០១៣-២០១៧ និងអនុម័តផែនការសកម្មភាពសម្រាប់ឆ្នាំ២០១៨-២០២០ ជាការបន្តទិសដៅបង្កើនកិច្ចសហប្រតិបត្តិការអាស៊ានបូក៣ ក្នុងការសម្របសម្រួលការធ្វើដំណើរ និង​ទេសចរណ៍ ការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយគុណភាព ការបង្កើនចំណេះដឹងទេសចរណ៍ និងការអភិវឌ្ឍជំនាញ ក៏ដូចជាការចែករំលែក និងការផ្លាស់ប្តូរព័ត៌មាន ឱកាសវិនិយោគ និងទីផ្សារទេសចរណ៍ និងការផ្សព្វផ្សាយ។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានកោតសរសើរដល់ប្រទេសចិន ជប៉ុន និ ងកូរ៉េ ដែលបានគាំទ្រ និងខិតខំជំរុញ​សកម្មភាព​កិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសតាមរយៈមជ្ឈមណ្ឌលអាស៊ាន-ចិន អាស៊ាន-ជប៉ុន និងអាស៊ាន-កូរ៉េខាងត្បូង រួមមានការផ្សព្វផ្សាយទីផ្សារ ការពង្រឹងសមត្ថភាពធនធានមនុស្សក្នុង​វិស័យ​​ទេសចរណ៍ ដោយមានការរៀបចំសិក្ខាសាលា សន្និសីទ ការផ្លាស់ប្តូរដំណើរទេសចរណ៍យុវជន និងរវាង​ប្រជាជន​ និងប្រជាជន។

សូមបញ្ជាក់ថា ឆ្នាំ២០១៦ កន្លងទៅ ទេសចរមកពីប្រទេសចិន ជប៉ុន កូរ៉េ មកទស្សនាតំបន់អាស៊ានមានប្រមាណ​ ៣១.៥លាននាក់​ ដោយឡែក ទេសចរប្រទេសអាស៊ានក៏បានទៅទស្សនាប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង មានចំនួន​ជាង១៥លានផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមថា នៅថ្ងៃទី២៦ ខែមករានេះដែរ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៦ បានប្រព្រឹត្តទៅដោយបានកត់សម្គាល់​នូវ​កំណើន​​ទេសចរឥណ្ឌា មកកាន់តំបន់អាស៊ានចំនូន ៣.៥លាននាក់ កើនឡើង ៦.១% ធៀបនឹងឆ្នាំ២០១៦។ ដោយឡែក ទេសចរអាស៊ានទៅទស្សនាឥណ្ឌាមានប្រមាណ ៧៥មឺននាក់ កើនឡើង ៦.៥% ធៀបនឹង​ឆ្នាំ២០១៦។

លោក ថោង ខុន បានបន្តទៀតថា រដ្ឋមន្រ្តី​ទេសចរណ៍អាស៊ាន-ឥណ្ឌា បានយកចិត្តទុកដាក់លើការបន្ត​ជំរុញការអនុវត្តអនុស្សារណៈ​ នៃកិច្ចសហប្រតិបត្តិការ (MoU) ដោយសហការចែករំលែកបទពិសោជន៍ ក្នុងការអនុវត្តប្រកបដោយចីរភាព និងការទទួល​ខុសត្រូវ ហើយត្រូវ​បង្កើតក្រុមការងារទំទាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន-ឥណ្ឌា។

លើសពីនេះ ​អង្គប្រជុំបានជំរុញការ​អភិវឌ្ឍធនធាន​មនុស្ស​ក្នុង​ក្របខណ្ឌអាស៊ាន-ឥណ្ឌា និងជំរុញលើកទឹកចិត្តផ្នែក​សាធារណៈ និងឯកជនសំដៅតភ្ជាប់ និងផ្សព្វផ្សាយ​អាស៊ាន-ឥណ្ឌា ឲ្យកាន់តែប្រសើរឡើងថែមទៀត៕