(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ២៤ ខែមករា ឆ្នាំ២០១៨នេះ ជាថ្ងៃបញ្ចប់យុទ្ធនាការចែកមួកសុវត្ថិភាពចំនួន១ម៉ឺនមួក របស់ក្រុមហ៊ុនស្រាបៀរ GANZBERG នៅខណ្ឌជ្រោយចង្វារ ដែលជាខណ្ឌចុងក្រោយចំនួន៤០០មួក, លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ បានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវយកមួកទៅព្យួរនៅហ្នឹងម៉ូតូនោះទេ តែត្រូវយកទៅពាក់ដើម្បីការពារសុវត្ថិភាព ព្រមទាំងត្រូវគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ដើម្បីរួមចំណែកការកាត់បន្ថយនូវអាត្រា នៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ជាឃាតកលាក់មុខ។

សម្រាប់ថ្ងៃបញ្ចប់យុទ្ធនាការចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ គេឃើញមានវត្តមានសិល្បករ សិល្បការិនី ពិធីករ ពិធីការ និងបណ្តាអង្គភាពព័ត៌មាននានា បានចុះផ្តិតយករូបភាពទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ក្នុងឳកាសនោះ លោក កៅ សារ៉ាវុធ បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់គ្នាថា មួកមួយការពារជីវិតមនុស្សបានម្នាក់ ដូច្នេះត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីខ្លួនឯង និងក្រុមគ្រួសារ។ លោកបានបន្តថា អ្វីដែលគួរឲ្យបារម្មណ៍ខ្លាំងបំផុតនៅពេលនេះ គឺបញ្ហាគ្រោះថា្នក់ចរាចរ ដែលបានសម្លាប់មនុស្សជារៀងរាល់ថ្ងៃយ៉ាងហោចណាស់ក៏១០នាក់ដែរ។

ជាមួយគ្នានេះដែរ លោក កៅ សារ៉ាវុធ បានសំណូមពរថា ចាប់ពីពេលនេះតទៅ សូមឲ្យមន្ត្រីខណ្ឌ ក៏ដូចជា មន្ត្រីអាជ្ញាធរសង្កាត់ទាំងអស់ ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ ជូនប្រជាពលរដ្ឋឲ្យបានល្អ ពីព្រោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានបញ្ជាក់ យ៉ាងច្បាស់ហើយថាសម្រាប់មន្ត្រីគួរតែប្ដូរឥរិយាបទចេញហើយមកឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងចុងក្រោយគឺវះកាត់តែម្ដង។

ទោះជាយ៉ាងណា លោក កៅ សារ៉ាវុធ បានមើលឃើញពីលទ្ធផលដ៏ល្អរបស់ផែនការសាលារាជធានីភ្នំពេញ ដែលក្រោមការដឹកនាំពីលោក ឃួង ស្រេង ចំពោះវិស័យឯកជនមានសារសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលបច្ចុប្បន្នកំពុងបន្តអនុវត្តច្បាប់ចរាចរផ្លូវគោក គឺដើម្បីកាត់បន្ថយអាត្រា នៃការស្លាប់ដោយសារឃាតក លាក់មុខ «គ្រោះថ្នាក់ចរាចរ»

សូមបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ផ្តើមចែកមួកសុវត្ថិភាពចំនួន១ម៉ឺនមួក ក្នុងខណ្ឌចំនួន៨ នៅក្រុងភ្នំពេញ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ សម្រាប់ខណ្ឌដែលត្រូវចែកជូនរួមមានដូចខាងក្រោមនេះ៖
ទី១៖ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំងជិតអង្គភាពថ្មើរជើងលេខ70 ខាងមុខបូរី ធូ លន
ទី២៖ ខណ្ឌមានជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀលទីតាំង តាមបណ្តោយផ្លូវចំការដូង ចំងាយ១ពាន់ម៉ែត្រ ពីច្រមុះជ្រូក ស្ទឹងមានជ័យ
ទី៣៖ ខណ្ឌព្រែកភ្នៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខលាសាខណ្ឌព្រែកភ្នៅ
ទី៤៖ ខណ្ឌឫស្សីកែវ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទីតាំង មុខសាលាខណ្ឌឬស្សីកែវ
ទី៥៖ ខណ្ឌសែនសុខ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខសាលាខណ្ឌសែនសុខ
ទី៦៖ ខណ្ឌដង្កោ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខសាលាខណ្ឌដង្កោ
ទី៧៖ ខណ្ឌច្បារអំពៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទីតាំង មុខសាលាខណ្ឌច្បារអំពៅ
ទី៨៖ ខណ្ឌជ្រោយចង្វារ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀលទីតាំង មុខសាលាខណ្ឌជ្រោយចង្វារ៕