(ត្បូងឃ្មុំ)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសឲ្យចូលតំណែងជាផ្លូវការ លោក ថុន ចាន់វីរៈ ជាអភិបាលរងស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីណាក់មន្ត្រីរាជការទូទាំងស្រុកយ៉ាងច្រើនកុះករផងដែរ។

លោក ហាក់ សុខមករា បាននលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្ត ក្នុងប្រព័ន្ធរដ្ឋបាលសំដៅធ្វើយ៉ាងណា ឲ្យការគ្រប់គ្រងដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹង តម្រូវការនៅមូលដ្ឋាន​។

នាឱកាសនោះលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានធ្វើការជំរុញឲ្យអភិបាលរងស្រុកក្រូចឆ្មារ ដែលទើបឡើងកាន់តំណែងថ្មី ត្រូវរួមដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង បង្កើនកិច្ចសហការជាមួយអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានទាំងអស់ធ្វើយ៉ាងណាយកចិត្តទុកដាក់ បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿន និងទាន់ពេលវេលា ជាពិសេសយកតម្លៃសេវានានា ពីប្រជាពលរដ្ឋទៅតាមច្បាប់កំណត់។

លោកអភិបាលរងខេត្ត បន្ថែមថា ថ្នាក់ដឹកនាំស្រុកក៏ដូចជា អាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ ពិតជារួមគ្នាសម្រេចរាល់កិច្ចការដែលរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ខេត្ត បានប្រគល់ជូនដោយអនុវត្ត ឲ្យបានជាក់ស្ដែង នូវការកែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាបាលដែលមានអភិបាលកិច្ចល្អ ជាស្នូលដើម្បីអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា គឺ«ធ្វើឲ្យបាន ធ្វើឲ្យលឿន ធ្វើឲ្យមានតម្លាភាព» លើការផ្ដលសេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របទៅតាមបំណងប្រាថ្នារបស់ពួកគាត់។

លោក ថុន ចាន់វីរៈ អភិបាលរងស្រុកក្រូចឆ្មារ ដែលទើបចូលកាន់តំណែង បានឡើងប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលគោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងទិសដៅបន្តនិរន្តភាពការងារ ពន្លឿនលើសេវាសាធារណៈ ដោយពង្រឹងគុណភាព និងពេលវេលាជូនដល់ប្រជាពលរដ្ឋ, រក្សាថែទាំសាមគ្គីភាពផ្ទៃក្នុង ជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីជាកម្លាំងសម្រាប់ពង្រឹងគុណភាព និងប្រសិទ្ធភាពការងារមូលដ្ឋានឲ្យកាន់តែប្រសើរថែមទៀត៕