(ភ្នំពេញ)៖ «ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម បានចូលរួមក្នុងការសរសេរប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យឡើងវិញ តាមរយៈការចូលរួមដំណើរការនីតិវិធី របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ជាសាក្សី ឬជាអ្នកជំនាញ»

នេះគឺជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យនៃសាលាក្តីខ្មែរក្រហម នៅចំពោះមុខដើមបណ្តឹងរដ្ឋប្បវេណីជាង១០០នាក់ ក្នុងវេទិកាស្តីពីការវិវឌ្ឍថ្មី នៃដំណើរការនីតិវិធី និងគម្រោងសំណង ក្នុងសំណុំរឿង០០២/០២ ដែលរៀបចំឡើងដោយផ្នែកអង្គភាពគាំពារជនរងគ្រោះនៅ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ទាក់ទងនឹង អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៨ នេះ។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចូលរួមរបស់ជនរងគ្រោះក្នុងដំណើរ ការនីតិវិធីច្បាប់ចំពោះមុខសាលាក្តីខ្មែរក្រហម ពិតជាមានសារៈសំខាន់ព្រោះថាជនរង គ្រោះគឺជាភស្តុតាងរស់មួយ នៃអំពើឧក្រិដ្ឋកម្មដែលបានកើតឡើង នៅក្នុងអំឡុងនៃរបប ខ្មែរក្រហមចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ ជន រងគ្រោះដែលនៅរស់រានមានជីវិត មិនត្រឹមតែរៀបរាប់ពីទុក្ខសោកវេទនាដែលខ្លួនបាន ហែលឆ្លងកាត់នោះទេ ប៉ុន្តែក៏ជាអ្នកនិយាយជំនួសអ្នកដែលបានបាត់បង់ជីវិតទៅក្នុង របបខ្មែរក្រហមផងដែរនូវភាពសោកសៅ ដែលពួកគេបានរងគ្រោះមុននឹងពួកគាត់បាន បាត់បង់ជីវិត។

ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈរូបនេះបានថ្លែងថា រឿងរ៉ាវឈឺចុកចាប់ការរងទុក្ខខ្លោចផ្សាររបស់ជនរងគ្រោះ គឺជាធាតុផ្សំនៃប្រវត្តិសាស្ត្ររបបកម្ពុជាប្រជាធិបតេយ្យទាំងមូល។ សក្ខីកម្មនៃជនរងគ្រោះ ភស្តុតាងនៃអំពើឧក្រិដ្ឋកម្មដែលបានកើតមានឡើងបានចូលរួមក្នុងការស្វែងរកការពិត និងយុត្តិធម៌ជូនដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិត។

លោកស្រី ភឹង ស៊ុនថារី កូនស្រីរបស់លោកសាស្ត្រាចារ្យ ភឹង តុន សាកលវិទ្យាធិ ការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០១ និងសំណុំរឿង ០០២ បានគូសបញ្ជាក់ថាការចូលរួមក្នុងនាមជាដើមបណ្តឹងរដ្ឋប្ប វេណីរបស់លោកស្រីនៅចំពោះមុខដំណើរការនីតិវិធីក្នុងសាលាក្តីខ្មែរក្រហមគឺដើម្បី ឱ្យគេទទួលស្គាល់ថាពិតជាមានអំពើឧក្រិដ្ឋកម្ម បានកើតមានឡើងមែន។

លោកស្រីថ្លែងថា លោកស្រីបានបាត់បង់បងប្អូន សាច់ញាតិជាច្រើន រួមទាំងលោកឪពុកជាទីស្រឡាញ់របស់ខ្លួនគឺលោកសាស្ត្រាចារ្យ ភឹង តុន ដែលមិនបានដឹងថា លោកបានវិលត្រឡប់មកពី ស្រុកបារាំងវិលចូលប្រទេសកម្ពុជាវិញក្នុងរបបខ្មែរក្រហមឡើយ។ នៅក្នុងសវនាការ ឌុច ដែលធ្លាប់ជាកូនសិស្សរបស់លោកសាស្ត្រាចារ្យ ភឹង តុន ម្នាក់ដែរបានថ្លែងទទួល ស្គាល់ថា លោកសាស្ត្រាចារ្យ ភឹង តុន ត្រូវបានចាប់ខ្លួន និងបញ្ជូនមកឃុំខ្លួន និងសួរ ចម្លើយនៅក្នុងគុកទួលស្លែង និងក្រោយមកក៏ត្រូវបានសម្លាប់។

ជាមួយគ្នានេះ ប្រធានស្តីទីផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្តីខ្មែរ ក្រហម លោក នេត្រ ភក្ត្រា បានជម្រាបជូនអ្នកចូលរួមជាដើមបណ្តឹងរដ្ឋប្បវេណី អំពីកិច្ចខិតខំប្រឹងប្រែងរបស់សាលាក្តីខ្មែរក្រហម ក្នុងដំណើរការស្វែងរកការពិតនិងយុត្តិធម៌ដោយគូសបញ្ជាក់ថារយៈពេលជិត ១១ ឆ្នាំនៃដំណើរការរបស់ខ្លួនសាលាក្តីខ្មែរក្រហម បានបញ្ចប់ជាស្ថាពរនូវការជំនុំជម្រះក្តីលើសំណុំរឿងចំនួន ២ គឺ សំណុំរឿង០០១ប្រឆាំង នឹងអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ដោយ បានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត និងសំណុំរឿង ០០២/០១ ប្រឆាំងនឹងជន ជាប់ចោទនួន ជា និងខៀវ សំផន ដែលអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ទាំងពីររូបនេះ ត្រូវបានអង្គជំនុំជម្រះតុលាការកំពូល សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយ ជីវិតចំពោះបទចោទនៃឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពាក់ព័ន្ធនឹងការជម្លៀសប្រជា ជនដោយបង្ខំក្រោយពេលខ្មែរក្រហមឡើងកាន់អំណាច។

លោកនេត្រ ភក្ត្រា បានបន្តថា នួន ជា បច្ចុប្បន្នមានអាយុ ៩២ ឆ្នាំ និងខៀវ សំផន មានអាយុ ៨៧ ឆ្នាំ កំពុងរង់ចាំការប្រកាសសាលក្រមក្នុងសំណុំរឿង ០០២/០២ បន្តទៀតដែលគេរំពឹងថានឹងអាចធ្វើឡើងនៅចុងខែមិថុនា ឆ្នាំ ២០១៨៕