(ភ្នំពេញ)៖ វត្តមួយដែលមានវ័យចំណាស់ ស្ថិតនៅចំងាយប្រមាណជា១៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋទូទៅស្គាល់ឈ្មោះថា វត្តខ្ទរ ហើយវត្តខ្ទរនេះ មានទីធ្លាធំទូលាយ អាកាសធាតុបរិសុទ្ធល្អ ហើយនៅជុំវិញវត្តនេះ មានរមណីយដ្ឋានសម្រាប់លំហែកំសាន្ត ជាលក្ខណៈគ្រួសារនាថ្ងៃឈប់សំរាកចុងសប្តាហ៍ផងដែរ។

វត្តខ្ទរនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលផ្នែកខាងក្រោយជាប់នឹងទន្លេ និងផ្នែកខាងមុខ ជាប់ផ្លូវជាតិលេខ៦A។

ដោយឡែកនៅចំពីមុខវត្ត មានទីតាំងដីរបស់វត្តមួយកន្លែងទៀត ដែលជាដីទំនេរជាហេតុធ្វើឲ្យ មានអ្នកលួចយកសំណល់រឹង សំណង់សំរាមនានា ទៅលួចចាក់ចោលនៅទីនោះ ធ្វើឲ្យ សំរាម នៅទីនោះ គរជាគំនរសំរាមរប៉ាត់រប៉ាយពាសពេញដី ជាប់មាត់ផ្លូវជាតិលេខ៦A ហើយបានបង្កក្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅជុំវិញទីតាំងនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ទៅវិញទៅមក។

ប៉ុន្តែនាពេលថ្មីៗនេះ ភ្នាក់ងារ Fresh News បានសង្កេតឃើញថា ទីតាំងនោះ ត្រូវបានសំអាតរួចរាល់ និងមានការបាំងរបងស័ង្កសីយ៉ាងសមរម្យ ការពារអ្នកលួចយកសំរាម មកចាក់ចោល ដោយគ្មានសណ្តាប់ធ្នាប់ ក្រៅពីនេះ ថែមទាំងមានការរៀបចំការ៉ូឡា ត្រៀមធ្វើសួនមុខរបង ឲ្យស្រស់ស្អាតថែមទៀតផង។

បើតាមការសាកសួរពីប្រជាពលរដ្ឋរស់នៅទីនោះ បាននិយាយថា ពួកគាត់បានឃើញព្រះសង្ឃ ព្រះចៅអធិការ លោកនេន បានដឹកនាំគណៈកម្មការអាចារ្យវត្ត មានការប្រជុំគ្នារួចមកក៏ មានការធ្វើយុទ្ធនាការមួយ ដែលមានការចូលរួម ពីអាជ្ញាធរខណ្ឌ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ប្រជាពលរដ្ឋចំណុះជើងវត្ត និងសិស្សានុសិស្ស ចូលរួមធ្វើអនាម័យសំអាតទីនេះ ឲ្យបាន ស្អាតល្អប្រសើរ។

ទន្ទឹមនឹងនេះដែរ ក៏មានការឧបត្ថម្ភគាំទ្រពីរដ្ឋបាលខណ្ឌជ្រោយចង្វារ ក្នុងការចាក់ដីលុបមួយចំនួន ដោយឡែកការធ្វើរបង និងការរៀបចំការ៉ូឡា ធ្វើសួនលំអរ មុខរបងនេះ គឺបាន ដោយសារក្រុមហ៊ុន «ភ្នំពេញផាក» ដែលមានការដ្ឋានជាប់ទីនេះ បានជួយឧបត្ថម្ភ។

សព្វថ្ងៃនេះ ព្រះចៅអធិការវត្ត កំពុងតែអំពាវនាវ ឲ្យមានសប្បុរសជន ចូលរួមតាមសទ្ធាជ្រះថ្លា ឧបត្ថម្ភក្នុងការចាក់ដីបំពេញនៅទីតាំង ដីដែលលិចទឹក នៅផ្នែកខាងក្រោយ ក្នុងជំហានបន្តបន្ទាប់ និងមានការកែលំអរទីនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។ ដូច្នេះយើងឃើញថា ការសំអាតអនាម័យបរិស្ថាន បានដោយ ជោគជ័យ លុះត្រាមានការចូលរួម និងការគាំទ្រទាំងអស់គ្នា។

ព្រះសង្ឃសង្ឃឹមថា នឹងមានសប្បុរសជន ជួយចូលរួមឧបត្ថម្ភ ដល់វត្តខ្ទរ ក្នុងការចាក់ដីបំពេញផ្នែកខាងក្រោយ នាពេលដ៏ខ្លីខាងមុខ ដើម្បីឲ្យវត្តអាចមានលទ្ធភាព ក្នុងការអភិវឌ្ឍន៍ ដីនេះ ឲ្យក្លាយទៅជាទីតាំង ដែលមានប្រយោជន៍ សម្រាប់ពុទ្ធបរិស័ទ្ធទាំងអស់ នាពេលអនាគត៕