(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីសម្រេចមួយទៀត ដោយបណ្តេញអគ្គលេខាធិការរងម្នាក់ និងមន្រ្តី៣រូបផ្សេងទៀត ដែលគណបក្សចាត់ទុកថា បានបំផុសបំផុលញត្តិទាមទារ ឲ្យដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការបក្ស។

សមាជិកជាន់ខ្ពស់ របស់គណបក្សហ៊្វុនស៊ិនប៉ិច៤រូបនោះ រួមមាន៖ លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការរង, លោក ណុប ផន, លោក មៀច សំរួល និង​លោក ភាព ភាជន៍។

សេចក្តីសម្រេចរបស់គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើឡើងបន្ទាប់ពីមានសមាជិកមួយចំនួន ដែលគេសង្ស័យដឹកនាំដោយលោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការង នៃគណបក្សហ៊្វុនស៊ិនប៉ិច បានបង្កើតញត្តិជាបន្តបន្ទាប់ ដើម្បីស្នើសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស ដោយចោទប្រកាន់ មន្រ្តីជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិច​ ទាំង២រូបនេះថា ប្រកាន់បក្ខពួកនិយម និងមានអំពើពុករលួយ៕