(កំពង់ចាម)៖ ប្រជាពលរដ្ឋជិត២០០គ្រួសារ រស់នៅឃុំត្រស់ ស្រុកបាធាយ ខេត្តកំពង់ចាម បានចាញ់បោកប្រាក់សរុបជិត១លានដុល្លារ ទៅលើអង្គការ WBO ក្រោមរូបភាពប្រធានអង្គការ និងបុគ្គលិករបស់ខ្លួន បានលួងលោមប្រជាពលរដ្ឋយកប្លង់ដី ប្លង់ស្រែ ទៅដាក់នៅធនាគារ រួចហើយយកលុយឲ្យពួកគេដោយ បានការប្រាក់ខ្ពស់។

អំពើឆបោកក្នុងរូបភាពធំមួយទៀតនេះ បានកើតឡើងតាំងពីឆ្នាំ២០១៥ នៅពេលដែលអង្គការមួយនេះ ដែលមានប្រធានឈ្មោះ ស៊ៃ ពុទ្ធិសាក់ បានទៅបោះមូលដ្ឋាននៅ ស្រុកបាធាយ​ រួចហើយចាប់ផ្តើម ធ្វើសកម្មភាព។ ពីដំបូងឡើងប្រធានអង្គការ និងបុគ្គលិកមួយក្រុមនេះ បានផ្តល់ការប្រាក់ខ្ពស់ជូនប្រជាពលរដ្ឋ ជាហេតុធ្វើឲ្យពួកគាត់ មានទំនុកចិត្ត និងផ្អើលដល់ពលរដ្ឋនៅភូមិផ្សេងទៀត នាំគ្នាយកប្លង់ដី ប្លង់ស្រែទៅដាក់នៅធនាគារ រួចហើយយកលុយទៅឲ្យអង្គការ តែក្រោយមកទៀត ជនសង្ស័យទាំងនេះ លែងប្រគល់ប្រាក់ទាំងដើម និងប្រាក់ការ ថែមរត់គេចខ្លួនទៀតផង។

ដោយសារតែមិនទាន់មានដំណោះស្រាយនៅថ្នាក់មូលដ្ឋាន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ តំណាងប្រជាពលរដ្ឋរងគ្រោះចំនួន៣នាក់ ដឹកនាំដោយអ្នកស្រី សារ៉េត ថៃរិទ្ទតា​,ឈ្មោះ យ៉ន ខន និងឈ្មោះ សៀន សឿន មកពីភូមិថ្កូវ-ភូមិថ្ម ឃុំត្រប់ និងភូមិពោធិស្ទៀង ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម តំណាងឲ្យពលរដ្ឋ១៨៨គ្រួសារ បានធ្វើដំណើរយកញត្តិ មកដាក់ចូលនៅខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជួយអន្តរាគមន៍។

អ្នកស្រី យ៉ន ខន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រជាពលរដ្ឋជិត២០០គ្រួសារ ពិតជាបានចាញ់បោកអង្គការនេះមែន ដែលប្រធានឈ្មោះ  ស៊ៃ ពុទ្ធិសាក់ ហៅ សាក់ ដោយខ្លះចាញ់បោកជាង១ម៉ឺនដុល្លារ, ខ្លះជាង៥០០០ដុល្លារ និងខ្លះទៀត៣០០០ដុល្លារ។ សម្រាប់អ្នកស្រីផ្ទាល់ គឺចាញ់បោកចំនួន៥០០០ដុល្លារ ក្រោមរួបភាពខាងអង្គការឲ្យប្រជាពលរដ្ឋយកប្លង់ដី ទៅដាក់នៅធនាគារ ហើយយកលុយទៅដាក់ជូនអង្គការដោយបានការប្រាក់ខ្ពស់។ អ្នកស្រីបានបញ្ជាក់ថា «ខ្ញុំយកប្លង់ដី ទៅដាក់នៅធនាគារបាន៥ពាន់ដុល្លារ រួចហើយយកទៅឲ្យអង្គការ​ ភ្លាមៗបាន១ពាន់ដុល្លារ និងបានបន្តបន្ទាប់ទៀត តែក្រោយមកទៀតលែងទទួលបាន រួមទាំងប្រជាជនដទៃទៀតដែរ»

បើតាមអ្នកស្រី យ៉ន ខន ពាក្យបណ្តឹងនេះ ត្រូវបានដាក់ទៅអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍តែមិនទាន់បានទទួលលទ្ធផល ទើបនាំគ្នាឡើងមកខុទ្ទាកាល័យ សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងអំពើឆបោកខាងលើនេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម លោក ហួត វុទ្ធី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះថា ករណីនេះលោកបានទទួល ពាក្យបណ្តឹង ពីប្រជាពលរដ្ឋរួចហើយដែរ ហើយលោកក៏បានចេញដីកាបញ្ជាឲ្យចូលខ្លួន (ដីកាតាមចាប់ខ្លួន) ប្រធានអង្គការផងដែរ ដោយនៅពេលនេះ កម្លាំងសមត្ថកិច្ចនគរបាល កំពុងធ្វើការកិច្ចការងារនេះ។

លោកព្រះរាជអាជ្ញា​ បានឲ្យដឹងថា ប្រជាពលរដ្ឋបានចាញ់បោកអង្គការ​ ដោយឃើញមានការប្រាក់ខ្ពស់ ហើយម្នាក់ៗអរ ក៏ធ្វើតាមគ្នា តែចុងក្រោយត្រូវវ័ន្តក ត្រូវសងលុយទៅធនាគារវិញ ខណៈដែលប្លង់ដី ត្រូវយកទៅបញ្ចាំនៅធនាគារទាំងអស់។ បើតាមលោក ហួត វុទ្ធី សម្រាប់អ្នកពាក់ព័ន្ធផ្សេងទៀត (បុគ្គលិក)លោកកំពុងពិនិត្យមើលសំណុំរឿងបន្តទៀត ដើម្បីចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ទឹកប្រាក់ចំនួន៨៥៥,៦៦៧ដុល្លារ ដែលប្រជាពលរដ្ឋបានចាញ់បោកអង្គការ WBO ដែលប្រព្រឹត្តិនៅភូមិតំប៉ាល់ ស្រុកបាធាយ ខេត្តកំពងចាម កាលពីឆ្នាំ២០១៥ កន្លងមក។ បើតាមលោកស្នងការ នៅពេលនេះ លោកបានបញ្ជាឲ្យកម្លាំងនគរបាល របស់លោក ធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ប្រធានអង្គការនេះ ហើយក្រោយទទួលបានដីកាបញ្ជាឲ្យចាប់ខ្លួនពីតុលាការ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋរងគ្រោះ ដែលដាក់ជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ជនរងគ្រោះសូមប្តឹងឈ្មោះដែលជាប្រធាន និងបុគ្គលិកអង្គការដូច ខាងក្រោម៖
១-ស៊ៃ ពទ្ទិសាក់ (ប្រធានអង្គការ) ២-ស៊ៃ គឹមសេក ៣-ស៊ៃ លីសៀក ៤-សុខ សេក ៥-ហេ ហន់ ៦-សៀម រចនា ៧-ធឿន ស្រីហ៊ីន ៨-សុខ សៀម ៩-អិន កាវ ១០-សៀក សុខ ១១-ស៊ៃ សុផល
១២-ហួត ហុង និង១៣- អ៊ុច ស្រីពេជ្រ។

សូមបញ្ជាក់ថា កន្លងទៅក៏មានប្រជាពលរដ្ឋមិនតិចដែរជាពិសេសនៅតាមទីជនបទ បានចាញ់បោកលុយរាប់ម៉ឺនដុល្លារ និងដល់លានដុល្លារទៀតផង ចំពោះអង្គការមួយចំនួន ក្រោមរួបភាពយកលុយទៅដាក់ ហើយបានការប្រាក់ខ្ពស់ តែបានតែមួយរយៈខ្លី ក៏រត់គេចខ្លួនអស់ទៅ៕