(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត របស់ក្រសួងទេសចរណ៍ នៅថ្ងៃនេះ បានប្រកាសដាក់ចេញនូវប្រព័ន្ធអនឡាញមួយ ដើម្បីស្ទង់មតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ លើចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ នៅក្នុងប្រទេសកម្ពុជា។

ការរៀបចំនូវចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ដែលមានសុពលភាពរយៈពេល ៣ឆ្នាំ (២០១៨-២០២១) ក្នុងនោះក្រុង-ខណ្ឌបេក្ខភាពទីក្រុងស្អាតចំនួន៣៨ នឹងត្រូវចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ហើយជ័យលាភីទីក្រុងស្អាត (ផ្ការំដួល៣ទង ឬ២ទង ឬ១ទង) គ្រោងនឹងប្រគល់ជូនក្នុងឱកាសទិវាជាតិទីក្រុងស្អាត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

ដើម្បីជាការចូលរួមលើកកម្ពស់នូវសោភ័ណភាពក្រុង-ខណ្ឌបេក្ខភាពនីមួយៗ និងការវាយតម្លៃទីក្រុងស្អាតឱ្យស្រប គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមផ្តល់នូវមតិយោបល់ តាមរយៈ http://survey.cambodiacleancity.gov.kh ឱ្យបានមុនថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៦ទីក្រុង-១២ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានា របស់រាជរដ្ឋាភិបាលកម្ពុជា៕