(ភ្នំពេញ)៖ ទីបំផុតពានរង្វាន់បាល់ទាត់កម្ពុជា ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) បានរកឃើញម្ចាស់ពានទាំង១៦ហើយ ខណៈពានរង្វាន់សម្រាប់កីឡាករឆ្នើមជាងគេ នៅក្នុងលីគកំពូលកម្ពុជា (C-League) ប្រចាំរដូវកាលឆ្នាំ២០១៧ គឺបានទៅកីឡាករ ច្រឹង ពលរដ្ឋ របស់ក្រុមក្រសួងការពារជាតិ។ នេះបើយោងតាមលទ្ធផលទើបប្រកាសផ្លូវការក្នុងកម្មវិធី Award Night នាមជ្ឈមណ្ឌលកម្សាន្ដកោះពេជ្រមុននេះបន្ដិច។

សម្រាប់ពានទាំង១៦ ខាងលើ គឺបែងចែកជា២ប្រភេទធំៗ ទី១-គឺពានរង្វាន់ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា និងទី២ គឺពានរង្វាន់សម្រាប់ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup កាលពីរដូវកាលឆ្នាំ២០១៧។ ពិធីប្រគល់ពានខាងលើ គឺធ្វើឡើងក្រោមវត្តមានលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក ឌី វិជ្ជា ប្រធាន CNCC រួមទាំងភាគីពាក់ព័ន្ធ និងអ្នកគាំទ្រជាច្រើនទៀត។

ចំពោះពានរង្វាន់នៃលីគកំពូលកម្ពុជារួមមាន ទី១-ពានកីឡាករល្អជាងគេ បានទៅកីឡាករ ច្រឹង ពលរដ្ឋ របស់ក្រុមក្រសួងការពារជាតិ, ទី២-ពានគ្រូបង្វឹកល្អជាងគេ បានទៅលោក ហៅ សុជាតិ មកពីក្លឹបជើងឯកបឹងកេត, ទី៣-ពានអ្នកចាំទីល្អជាងគេ បានទៅកីឡាករ ស៊ូ យ៉ាទី មកពីក្លឹបជើងឯកបឹងកេត, ទី៤-ពានកីឡាករស៊ុតចូលទីច្រើនជាងគេ បានទៅកីឡាករ Atheire Kipson មកពីក្លឹបណាហ្គាវើល រកបាន ២៦គ្រាប់, ទី៥-ពានក្រុមលេងល្អជាងគេ (Fair-Play) បានទៅក្រុមស៊ីម៉ាក់ ដែលធ្លាក់ទៅលេងលីគទី២ ឆ្នាំ២០១៨ និងទី៦-គឺពានក្រុមអាជ្ញាកណ្ដាលឆ្នើមជាងគេ បានទៅលោក ឃួន វីរៈ, ស៊ុន ចាន់ភារិទ្ធ, ហេង សុខលី និងលឹម ប៊ុនធឿន។

ដោយឡែកពានរង្វាន់ក្នុងការប្រកួតពានរង្វាន់ Hun Sen Cup 2017 រួមមាន ទី១-ពានកីឡាករល្អជាងគេ បានទៅកីឡាករ ប្រាក់ មុន្នីឧត្តម មកពីក្រុមជើងឯកព្រះខ័នរាជស្វាយរៀង, ទី២-ពានគ្រូបង្វឹកល្អជាងគេបានទៅលោក សំ វ៉ាន់ដេត មកពីក្រុមជើងឯកព្រះខ័នរាជស្វាយរៀង, ទី៣-ពានអ្នកចាំទីល្អជាងគេ បានទៅកីឡាករ អោម ឧត្តម មកពីក្រុមជើងឯកព្រះខ័នរាជស្វាយរៀង, ទី៤-ពានកីឡាករស៊ុតចូលទីច្រើនជាងគេ បានទៅកីឡាករ ឃួន ឡាបូរ៉ាវី មកពីក្រុមបឹងកេត រកបាន១៦គ្រាប់, ទី៥-ពានក្រុមលេងល្អជាងគេ (Fair-Play) បានទៅក្រុមបឹងកេត និងទី៦-គឺពានក្រុមអាជ្ញាកណ្ដាលល្អជាងគេបានទៅលោក ជី សាមឺឌី, ស៊ុន ដារ៉ាវុធ, ជី សុភាព និងលោក សៀង សុភក្ត្រ។

បន្ថែមលើនេះ CNCC បានបន្ថែមពាន ៤ផ្សេងទៀត ដែលមានដូចជា ទី១-ពានកីឡាករមានប្រជាប្រិយភាពជាងគេ បានទៅកីឡាករ លី វ៉ាហេទ មកពីក្លឹបបឹងកេត, ទី២-ពានគ្រូបង្វឹកមានប្រជាប្រិយភាពជាងគេ បានទៅលោក មាស ចាន់ណា មកពីក្លឹបណាហ្គាវើល, ទី៣-ពានរង្វាន់អ្នកគាំទ្រល្អជាងគេ បានទៅលោក បីវ តុលា និងទី៤-គឺពានរង្វាន់អ្នកថតរូបស្អាតជាងគេ បានទៅលោក សឿន សាយ័ន្ដសន្យា៕