(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងបញ្ជាក់ថា ចំពោះបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជាកម្មករក្រៅប្រព័ន្ធ ប្រាកដជាត្រូវបានផ្លាស់ប្ដូរជីវភាពថ្មីល្អប្រសើរជាងមុន មិនខាន ក្រោមការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានផ្ដល់កិច្ចគាំពារសុខុមាលភាព ព្យាបាល​ជម្ងឺនៅមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ ពិសេសសម្ដេចតេជោ និងបង្កើត «មូលនិធិស៊ីក្លូ» ដើម្បីជួយទ្រទ្រង់ និងអភិរក្សស៊ីក្លូ ហើយគ្រោងបរិច្ចាគថវិកាក្នុង១ឆ្នាំ១០០លានរៀល ដើម្បី​ធ្វើជា​ទុន​ដំបូង​ក្នុងការ​បង្កើត​មូលនិធិ​ទ្រទ្រង់​របរស៉ីក្លូ ព្រមទាំងអំពាវនាវ សូមឲ្យសប្បុរសជន ដែលមានបំណងចង់ចូលរួមគាំទ្រ និងទ្រទ្រង់អាជីពអ្នកធាក់ស៊ីក្លូ គឺសូមចូលរួមផ្តល់វិភាគទានជាមួយសម្តេច។

លោក ជា ពិសី បន្តថា លើសពីនេះសម្ដេចប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា គ្រោងបរិច្ចាគថវិកា១២០លានរៀលថែមទៀត ក្នុង១ឆ្នាំ «ពោលក្នុង១ខែចំណាយ ១០លានរៀល» ដើម្បីឲ្យលោក​អភិបាល​រាជធានី​ភ្នំពេញ​ ដឹកនាំ​ការងារ​បង្កើត​មូលនិធិ​ទ្រទ្រង់​របរ «អភិរក្សស៉ីក្លូ» ដោយ​ត្រូវ​សរសេរ​លក្ខន្តិកៈ​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​ ផងដែរ។

លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានលើកឡើង ក្នុងពេលតំណាងឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឆ្លៀតឱកាសដឹកនាំលោក-លោកស្រីជាមន្ត្រីសាខាកាកបាទក្រហមខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង និងបណ្ដាញសមាគមនារីកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីពាំនាំយកនូវអំណោយមនុស្សធម៌ មានជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅបរិច្ចាកជូនប្រជាពលរដ្ឋ ជាជនចាស់ជរាក្រីក្រ ចំនួន២៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ (៦ដប) ទឹកត្រី១យួរ (៦ដប) គ្រឿងប្រើប្រាស់ផ្ទះបាយ មានចានដែក១ ខ្ទះឆា១ ឆ្នាំងតូច១ រួមជាមួយថវិកា ៤០,០០០រៀល (បួនម៉ឺនរៀល) ស្មើៗគ្នា ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ តាមគ្រួសារនីមួយៗ នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ជា ពិសី បានថ្លែងថា ចំពោះអំណោយ ដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបរិច្ចាកជូនប្រជាពលរដ្ឋ ជាជនចាស់ជរាក្រីក្រ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នៅពេលនេះ ថ្វីបើមិនមានចំនួនច្រើន តែជាទឹកចិត្តសប្បុរសធម៌មួយ ដោយក្ដីគោរពស្រលាញ់ ហើយសំខាន់នោះ គឺនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោត ដើម្បីទទួលបាននូវសុខសន្តិភាព បោះឆ្នោតដើម្បីទទួលបាននូវការអភិវឌ្ឍន៍ គឺបោះឆ្នោតជូន «គណបក្សប្រជាជនកម្ពុជា» ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ឲ្យដឹកនាំប្រទេសបន្តទៅទៀត៕