(ភ្នំពេញ)៖ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច នឹងដាក់ទណ្ឌកម្មវិន័យ ចំពោះអ្នកដែលកំពុងបំផុសបំផុលឱ្យមានរូបភាពប្រេះស្រាំជាថ្មី នៅក្នុងគណបក្សរាជានិយមមួយនេះ។

ការព្រមានរបស់អ្នកនាំពាក្យគណបក្សរប​ស់សម្តេចក្រុមព្រះ បានធ្វើឡើងបន្ទាប់ពីមានសមាជិកមួយចំនួន ដែលគេសង្ស័យដឹកនាំដោយ លោក សេង ហាក់ស្រ៊ុន អគ្គលេខាធិការងនៃគណបក្សហ៊្វុនស៊ិនប៉ិច បានបង្កើតញត្តិជាបន្តបន្ទាប់ ដើម្បីស្នើសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដកតំណែងលោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស ដោយចោទប្រកាន់មន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច​ ទាំង២រូបនេះថា ប្រកាន់បក្ខពួកនិយម និងមានអំពើពុករលួយ។

លោក ញ៉េប ប៊ុនជិន បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច មិនគាំទ្រចំពោះសកម្មភាពបង្កើតញត្តិរបស់លោក សេង ហាក់ស្រ៊ុន នោះទេ ហើយថា ការប្រជុំពិភាក្សាដើម្បីដាក់ទណ្ឌកម្មលើ លោក សេង ហាក់ស្រ៊ុន នឹងធ្វើឡើងនៅថ្ងៃស្អែក។

លោក ញ៉េប ប៊ុនជិន បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកដែលធ្វើឱ្យមានបញ្ហានេះគឺជាអ្នកដែលមិនបានគិតពីប្រយោជន៍រួមទាល់តែសោះ។ ខ្ញុំមិនគាំទ្រញត្តិនេះទេ។ ឥឡូវយើងជាថ្នាក់ដឹកនាំ នឹងពិនិត្យមើលទណ្ឌកម្មវិន័យ ដែលនឹងដាក់លើអ្នកទាំងអស់នោះនៅថ្ងៃស្អែក»

លោកបានបន្តថា ញត្តិនោះ ធ្វើឡើងតែមនុស្សមួយក្រុមតូចប៉ុណ្ណោះ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់គណបក្សហ៊្វុនស៊ិនប៉ិចនោះទេ។ លោកបន្តទៀតថា អ្វីដែលហ្វ៊ុនស៊ិនប៉ិចចង់ បាននៅពេលនេះ ដើម្បីភាពរឹងមាំ សាមគ្គីជាធ្លុងមួយ និងធ្វើសកម្មភាពចុះមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ។

អង្គភាពព័ត៌មាន Fresh News មិនអាចទំនាក់ទំនង លោក សេង ហាក់ស្រ៊ុន ដើម្បីបញ្ជាក់បន្ថែមជុំវិញបញ្ហានេះនៅឡើយទេនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ។

ញត្តិរបស់សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចដែលស្នើឱ្យដងតំណែង លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក យឹម សាវី អគ្គលេខាធិការគណបក្ស គឺកើតឡើងបន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិច បានចូលកាន់តំណែងជាតំណាងរាស្រ្តចំនួន៤១រូប ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ។

សមាជិកជាន់ខ្ពស់ គណបក្សហ៊្វុនស៊ិនប៉ិចមួយចំនួន សង្ស័យថា លោក សេង ហាក់ស្រ៊ុន បង្កើតញត្តិនេះ ដោយសារតែលោកមិនបានទទួលតំណែងជាតំណាងរាស្រ្ត ដែលរៀបចំដោយគណបក្សហ៊្វុនស៊ិនប៉ិច៕