(វ៉ាស៊ីនតោន)៖ ភាពជាប់គាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក (Shut down) បានកើតឡើងកាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន គឺចំថ្ងៃខួបមួយឆ្នាំនៃការឡើងកាន់អំណាចរបស់លោក ដូណាល់ ត្រាំ តែម្តង ហើយវាបានអូសបន្លាយអស់រយៈពេល៣ថ្ងៃ។ យ៉ាងនេះក្តីដំណាក់កាលដ៏តានតឹងត្រូវបានបញ្ចប់ទៅវិញ កាលពីថ្ងៃចន្ទកន្លងទៅនេះ បន្ទាប់ពីសភាតំណាងបក្សប្រជាធិបតេយ្យបង្ខំចិត្តយល់ព្រមទៅលើសេចក្តីសម្រេចថ្មី ដោយដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកញ្ចប់ថវិការយៈពេលខ្លីដើម្បីផ្គត់ផ្គង់ដល់ការចំណាយរបស់រដ្ឋាភិបាល។

បើទោះបីជាបញ្ហានេះត្រូវបានបញ្ចប់ក្តី ប៉ុន្តែនៅវាបានបន្សល់ទុកនូវចម្ងល់ជាច្រើនជុំវិញវិបត្តិកញ្ចប់ថវិកាដែលបានកើតឡើងទៅលើមហាអំណាចសេដ្ឋកិច្ចពិភពលោកមួយនេះ។ ខាងក្រោមនេះសំណួរ និងចម្លើយសំខាន់ៗដែលអាចពន្យល់លោកអ្នកកាន់តែច្បាស់៖

១៖ អ្វីជាមូលហេតុបណ្តាលឱ្យរដ្ឋាភិបាលអាមេរិកត្រូវបិទទ្វា?

ភាពជាប់គាំងរដ្ឋាភិបាលនឹងកើតឡើង នៅពេលដែលសភាមិនព្រមចុះហត្ថលេខាអនុម័តលើកញ្ចប់ថវិកាដែលស្នើដោយរដ្ឋាភិបាល ដោយសារសភាអាចមិនពេញចិត្តលើចំណុចណាមួយ។ ក្នុងករណីនេះ រដ្ឋាភិបាលអាមេរិក ប្រឈមមុននឹងការបិទទ្វារ ហើយមន្ត្រីរាជការជាច្រើនរូបនឹងផ្អាកការងារមួយរយៈ។

ទាក់ទងនឹងការបិទទ្វានៃរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានកើតឡើង បន្ទាប់ពីព្រឹទ្ធសភាអាមេរិកសម្រេចមិនអនុម័តកញ្ចប់ថវិកា ដែលស្នើឡើងដោយរដ្ឋាភិបាលលោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលរាត្រីថ្ងៃសុក្រសប្តាហ៍មុន។ មូលហេតុដោយសារតែសមាជិកព្រឹទ្ធសភាទាំងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ មិនពេញចិត្តចំពោះការស្នើថវិកាសម្រាប់សាងសង់ជញ្ជាំងខណ្ឌព្រំដែនរវាងអាមេរិក និងប្រទេសម៉ិចស៊ិក បូករួមទាំងការចាប់បញ្ជូនជនអន្តោប្រវេសន៍ ដែលរត់ចូលដែនដីអាមេរិកឱ្យត្រឡប់ទៅប្រទេសកំណើតជាដើម។

២៖ តើការបិទទ្វារដ្ឋាភិបាលអាមេរិក អាចមានរយៈពេលប៉ុន្មានថ្ងៃ?

មិនអាចកំណត់បាននោះទេ។ វានឹងបន្តអូសបន្លាយដរាបណា ថ្នាក់ដឹកនាំសភារបស់គណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ មិនអាចឈានទៅរកកិច្ចព្រមព្រៀងរួមមួយដើម្បីអនុម័តលើកញ្ចប់ថវិកាសម្រាប់រដ្ឋាភិបាល។ ភាគច្រើនវាកើតឡើងនៅចុងសប្តាហ៍។ «យើងអាចនិយាយបានថា វាអាចអូសបន្លាយរយៈពេលជាច្រើនថ្ងៃ ឬច្រើនសប្តាហ៍ ប៉ុន្តែមិនអាចឈានដល់រយៈពេលរាប់ខែនោះទេ»។ នេះជាការលើកឡើងរបស់លោក Goldwein ប្រធានគោលនយោបាយជាន់ខ្ពស់នៃគណៈកម្មាធិការកញ្ចប់ថវិកាជាតិ។

៣៖ តើអ្នកណាខ្លះនឹងរងផលប៉ះពាល់ដោយសារភាពជាប់គាំងរដ្ឋាភិបាល?

មន្ត្រីសំខាន់ៗលំដាប់ខ្ពស់ និងកម្លាំងយោធានឹងបន្តការងាររបស់ខ្លួន ដោយឡែកបុគ្គលិកសហព័ន្ធភាគច្រើន ដែលបំពេញការងារមិនសូវចំាបាច់ នឹងតម្រូវឱ្យវិលត្រឡប់ទៅសម្រាកនៅផ្ទះវិញ ដោយមិនបន្តការងារទៀតឡើយ។

ឧទាហរណ៍ដូចជា បុគ្គលិកសួនឧទ្យាន National Parks បុគ្គលិកសារៈមន្ទីរជាដើម នឹងត្រូវត្រឡប់ទៅផ្ទះវិញ។ វាមិនមែនជារឿងគួរឱ្យបារម្ភពេកនោះទេ ប្រសិនបើការងាររបស់អ្នកត្រូវបានចាត់ទុកថា ជាការងារមិនសូវចាំបាច់នោះ។ តែជាវាហាក់ដូចជាបង្អាក់ទឹកចិត្តមនុស្សបន្តិច ដែលតម្រូវឱ្យពួកគេត្រឡប់ទៅផ្ទះវិញ ដោយហេតុផលការងាររបស់ពួកគេមិនសូវចាំបាច់។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍រដ្ឋាភិបាលអាមេរិកបិទទ្វាកាលពីឆ្នាំ២០១៣កន្លងទៅនេះ បុគ្គលិកដែលប្រើប្រាស់កម្លាំងចំនួន ៨៥០ពាន់នាក់ត្រូវបានសម្រាកមួយថ្ងៃ។ ប៉ុន្តែមិនមែនមានន័យថា គ្រប់គ្នាតម្រូវឱ្យឈប់ពីការងារទាំងអស់នោះទេ។ ជាឧទាហរណ៍ដូចជា ប្រធានាធិបតី សមាជិកសភា ភ្នាក់ងារប្រៃសណីយ៍ ភ្នាក់ងារ TSA ភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ កម្លាំងយោធាជាដើមនឹងបន្តការងាររបស់ខ្លួនដូចធម្មតា។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋអាមេរិកនឹងនៅតែអាចទទួលបានសន្តិសុខសង្គម និងសេវាកម្មថែរក្សាសុខភាពដូចមុន។ យ៉ាងនេះក្តីអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើ ប្រាក់ទំនុកបម្រុងសម្រាប់កសិករ ជាដើមនឹងត្រូវបានពន្យាពេល។

៤៖ តើបុគ្គលិកសហព័ន្ធនឹងនៅតែទទួលបានប្រាក់បៀវត្សរ៍ឬទេ?

ច្បាស់ជាបាន ប៉ុន្តែមិនអាចទទួលបាននៅពេលដែលរដ្ឋាភិបាលកំពុងបិទទ្វានោះទេ។ រដ្ឋាភិបាលនឹងសងពួកគេវិញ បន្ទាប់ពីបុគ្គលិកទាំងនោះត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកបំពេញការងារដូចដើម។ គ្រប់ស្ថាប័នទាំងអស់តែងតែមានគម្រោងត្រៀមទុក ក្នុងករណីដែលមានហេតុការណ៍បែបនេះកើតឡើងដើម្បីបញ្ចៀសកុំឱ្យមានផលប៉ះពាល់ខ្ពស់ពេក នេះបើយោងតាមការលើកឡើងរបស់លោក Goldwein។

៥៖ តើរហូតមកទល់ពេលនេះរដ្ឋាភិបាលអាមេរិក ធ្លាប់បានបិទទ្វាប៉ុន្មានដងមកហើយ?

រាប់ចាប់តាំងពីឆ្នាំ១៩៧៦ ដល់បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកធ្លាប់ជាប់គាំង១៩លើករួចមកហើយ បើរាប់ទាំងព្រឹត្តិការណ៍តូចតាច និងធ្ងន់ធ្ងរ។ លោក Goldwein បានលើកឡើងថា ការពិតទៅដំណាក់កាល ដែលរដ្ឋាភិបាលជាប់គាំងពិតប្រាកដ និងមានរយៈពេលយូរបានកើតឡើងចំនួន៣ដងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រអាមេរិក។ ក្នុងនោះ២ដងបានកើតឡើង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី គ្លីនតុន ក្នុងឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៦ ដែលភាពជាប់គាំងនេះ បានអូសបន្លាយរយៈពេល២៦ថ្ងៃ។ ដោយឡែកភាពជាប់គាំងលើកទី៣ បានកើតឡើងក្នុងអំឡុងនៃរដ្ឋាភិបាលរបស់លោក អូបាម៉ា ក្នុងឆ្នាំ២០១៣ ដោយវាបានអូសបន្លាយរយៈពេល១៦ថ្ងៃ ដោយសារសភាមិនពេញចិត្តចំពោះការចំណាយប្រាក់លើគម្រោងថែទាំសុខភាពរបស់លោក អូបាម៉ា។

៦៖ តើរដ្ឋាភិបាលអាមេរិកខាតបង់ប្រាក់ប៉ុន្មាន ក្នុងអំឡុងនៃភាពជាប់គាំងរដ្ឋាភិបាល?

ភាពខាតបង់មិនស្មើគ្នានោះទេ វាអាស្រ័យទៅតាមរយៈពេលនៃវិបត្តិដែលបានកើតឡើង។ ជាឧទាហរណ៍ក្នុងអំឡុងនៃការជាប់គាំងរដ្ឋាភិបាលរយៈពេល១៦ថ្ងៃ កាលពីឆ្នាំ២០១៣កន្លងទៅនេះ បណ្តាលឱ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់២៤ពាន់លានដុល្លារ បើនិយាយតែអំពីសកម្មភាពសេដ្ឋកិច្ច។ តាមការពន្យល់របស់លោក Goldwein បានឱ្យដឹងថា មូលហេតុនៃការខាតបង់ប្រាក់ច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយសារតែរដ្ឋាភិបាលត្រូវទូទាត់ប្រាក់ទៅលើបុគ្គលិក ទោះបីគេឈប់សម្រាក ហើយមិនបានផ្តល់សម្មិទ្ធិផលអ្វីទាំងអស់។

៧៖ តើយើងដោះស្រាយភាពជាប់គាំងនេះដោយរបៀបណា?

មធ្យោបាយដើម្បីបញ្ចៀសកុំឱ្យរដ្ឋាភិបាលត្រូវបិទទ្វា នោះគឺសមាជិកសភាត្រូវប្រើប្រាស់មធ្យោបាយមួយឱ្យឈ្មោះថា ដំណោះស្រាយបន្ត (Continuing resolution)។ ដំណោះស្រាយបន្តនេះមានន័យថា សភាត្រូវបន្តផ្តល់ថវិកាមួយ ដែលអាស្រ័យទៅតាមកញ្ចប់ថវិកាកាលពីឆ្នាំមុន។ ការផ្តល់ថវិកាសម្រាប់ចំណាយបណ្តោះអាសន្ននេះត្រូវបានធ្វើឡើងបន្តរហូតដល់កាលបរិច្ឆេទច្បាស់លាស់ណាមួយ ឬរហូតដល់ពេលដែលកញ្ចប់ថវិកាជាតិដ៏សមស្របពិតប្រាកដត្រូវបានអនុម័ត។ វិធានការណ៍បែបនេះផ្តល់ឱកាសដល់រដ្ឋាភិបាលសហព័ន្ធបន្តបើកទ្វារ និងអនុញ្ញាតឱ្យសមាជិកសភាមានពេលវេលាបន្ថែម ដើម្បីធ្វើកិច្ចចរចាគ្នាស្វែងរកដំណោះស្រាយដើម្បីអនុម័តកញ្ចប់ថវិកា។

«ជាអកុសល ប្រាក់ប្រើប្រាស់ក្នុងដំណាក់កាល នៃការពន្យាពេលពិតជាទាបជាខ្លាំង យើងមិនមានប្រាក់ច្រើននោះទេ»។ នេះជាការលើកឡើងរបស់លោក Goldwein ដែលពន្យល់ពីភាពជាប់គាំងរដ្ឋាភិបាលក្នុងអាណត្តិលោក ដូណាល់ ត្រាំ។ លោកបន្តថា ការពិតទៅរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់មហាសេដ្ឋី ដូណាល់ ត្រាំ បានពន្យាពេលក្នុងការអនុម័តកញ្ចប់ថវិកាថ្មីតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ កញ្ចប់ថវិកាបណ្តោះអាសន្ននេះត្រូវបានពន្យាពេលពីរដងមកហើយ ចាប់តាំងពីពេលនោះមក ដោយលើកទីមួយ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅនេះ។ ហើយជាថ្មីម្តងទៀត ប្រធានាធិបតីមហាអំណាចសេដ្ឋកិច្ច លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើវិធានការណ៍បន្តប្រើប្រាស់ថវិកាបណ្តោះអាសន្នម្តងទៀត កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨កន្លងទៅនេះ។ តែទីបំផុតរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីរូបនេះ នៅតែមិនអាចបញ្ចៀសភាពជាប់គាំងបានដដែល៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា