(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ ថ្លែងជំរុញបែបនេះ ក្នុងឳកាសដែលលោក អញ្ជើញជាអធិបតីបិទអង្គសន្និបាត បូកសរុបវាយតម្លៃលទ្ធផការងារអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា២០១៧-២០១៨ នៅសាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ។

លោក លី ឡេង បញ្ជាក់ទៀតថា បន្ទាប់ពីខិតខំកសាងសាលារៀនហើយ យើងត្រូវបង្កើតអោយមានបរិស្ថានរៀនសូត្រ ដល់សិស្សានុសិស្ស ប្រកបដោយផាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ពោលគឺប្រែក្លាយសាលារៀន ជាសាលាកុមារមេត្រី ដើម្បីអោយពួកគាត់ទទួលបានចំណេះដឹងពិតប្រាកដ សមត្ថភាពជំនាញខ្ពស់ មានសីលធម៍ល្អ ចេះរួមរស់នៅដោយសុខដុមរមនា ទាំងក្នុងគ្រួសារ និងសង្គមជាតិ។

លោក អភិបាលខេត្តត្បូងឃ្មុំ ក៍បានធ្វើការអំពាវនាវដល់សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធវិស័យអប់រំទាំងអស់ សូមធ្វើការផ្សព្វផ្សាយរាល់សារាចរ សេចក្តីណែនាំផ្សេងៗ ជាពិសេសវិធានការទប់ស្កាត់ និងបង្ក្រាបសកម្មភាព ក្រុមក្មេងទំនើង ការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ ការលុបបំបាត់ពលកម្មកុមារ ក្នុងទម្រង់ធ្ងន់ធ្ងរ និងការគោរពបទបញ្ជាផ្ទៃក្នុងសាលារៀន អោយបានទូលំទូលាយ និងបានជ្រួតជ្រាបដល់សិស្សានុសិស្សទាំងអស់ ដើម្បីអោយពួកគេមានទុនជាគ្រឹះ ក្នុងការកសាង និងអភិវឌ្ឍន៍ខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ សិស្សល្អ កូនល្អ សាកសមជាទំពាំងស្នងឬស្សី នឹងក្លាយជាសសរទ្រូងសម្រាប់ប្រទេសជាតិនាពេលអនាគត ៕