(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានលើកឡើងថា ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ​បានចាត់វិធានការ និងអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវភាពចលាចល ការញុះញុង ការអុកឡុក បំផុសបំផុលនានាគ្រប់រូបភាព នៃចលនាបដិវត្តន៍ពណ៌បាន​ល្អប្រសើរ។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

អភិបាលខេត្តសៀមរាប បានថ្លែងយ៉ាងដូច្នេះថា «​ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត យើង​បានចាត់វិធានការ និងអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់នូវភាពចលាចល ការញុះញុង ការអុកឡុក បំផុសបំផុលនានាគ្រប់រូបភាព នៃចលនាបដិវត្តន៍ពណ៌។ ជាពិសេសទៅទៀត យើងអាចគ្រប់គ្រង សភាពការណ៍បានទាំងស្រុង ក្រោយការរំលាយគណបក្សសង្រ្គោះជាតិ»។

លោក ឃឹម ប៊ុនសុង ក៏បានលើកឡើង ចំពោះការ​អនុវត្ដភារកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈក្រោមទិសស្លោក «ភូមិ-ឃុំ មានសុវត្ថិភាព» រដ្ឋបាលខេត្ត នៅតែចាត់ទុកជាការងារអាទិភាព ដោយចាត់តាំងការអនុវត្តសកម្មភាពការងារជាប្រចាំ ដោយធានាបានសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ កិច្ចប្រជុំធំៗ ទទួលបានលទ្ធផលល្អប្រសើរ។

ក្រៅពីកងកម្លាំងប្រដាប់អាវុធ គណៈបញ្ជាការឯកភាពខេត្ត រៀបចំបាននូវប្រជាការពារតាមភូមិ ឃុំ សង្កាត់ ក្នុងការធានាសុវត្ថិភាពក្នុងមូលដ្ឋានផ្ទាល់ ដែលជាកត្តាធ្វើឲ្យសមត្ថកិច្ចអាចបង្រ្កាបបទល្មើសនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្នុងនោះក្រៅពីសកម្មភាពទប់ស្កាត់ក្មេងទំនើង ការបង្រ្កាបបទលើ្មសជួញដូរគ្រឿងញៀនបាន​៣៩៨ករណី ឃាត់ខ្លួនមនុស្ស​៩៥១នាក់ ស្រី​៦៩នាក់។ ដោយឡែក បទល្មើសនេសាទ ​បង្រ្កាបបាន​១៥ប្រភេទ ដោយបំពេញសំណុំរឿងបាន ៣១៦ករណី។

បើតាមលោកអភិបាលខេត្ត ​ចំពោះការងារផ្តល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋសរុបបានចំនួន ៦៧៦,៥១៥នាក់ នៃផែនការសរុបចំនួន ៧១២,៩៩៤នាក់ នៅសល់ប្រជាពលរដ្ឋដែលត្រូវប្រមូលទិន្នន័យចំនួន ៣៦,៤៧៩​នាក់៕