(កំពង់ស្ពឺ)៖ រោងចក្រផលិតកែច្នៃផ្លែឈើស្រស់ របស់កម្ពុជា​លើកដំបូង ត្រូវបានបើកការដ្ឋានសាងសង់ ដោយមានការសហការ វិនិយោគរវាងក្រុមហ៊ុនកម្ពុជា និងសាធារណរដ្ឋកូរ៉េ​។

​ពិធីបើកការដ្ឋានសាងសង់នេះ ធ្វើឡើងនៅថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៨ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោក​ ហ៊ុន ម៉ាណែត និងមានវត្តមានតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េ តំណាងក្រុមហ៊ុនពាក់ព័ន្ធ រួមទាំងមន្ត្រី និងប្រជាពលរដ្ឋជាច្រើនរូបទៀត​។

តំណាងក្រុមហ៊ុន ម៉ៅ លីហ្គាស៊ី លោក ម៉ៅ គន្ធពិសី បានថ្លែងថា ក្រុមហ៊ុនរបស់លោក និងក្រុមហ៊ុន ហ៊ីយុនដាយ ខបភើរេសិនគ្រុប នឹងរួម​ចំណែកជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសការងារ ជូនប្រជាជនរាប់ពាន់នាក់ ក្នុងការនាំចេញផលិតផលខ្មែរ ដាំដុះដោយប្រជាជន​ខ្មែរ ប្រកបដោយគុណភាពខ្ពស់ ទទួលស្គាល់លើទីផ្សារអន្តរជាតិ​។

តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំ នៅកម្ពុជា លោក ហាំ ជុងហាន់ បានថ្លែងសន្យាថា រដ្ឋាភិបាលកូរ៉េ និងខិតខំប្រឹងប្រែងដើម្បីរួម​ចំណែក ក្នុងការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជា​។

បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់​ថា មានតែរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងគិតគូរដល់ជីវភាពប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសកម្ពុជា ដែលខុសពីអ្នកធ្វើនយោបាយប្រឆាំងដែល​តែងនិយាយអាក្រក់​ពីកម្ពុជា និងមិនដែលបាននាំមកនូវជំនួយណាមួយជួយ​ដល់កម្ពុជាវិញនោះឡើយ​។

ជាងនេះទៅទៀត លោក ហ៊ុន ម៉ាណែត ​ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវិនិយោគបរទេស ដែលបន្តជឿជាក់លើរាជរដ្ឋាភិបាល មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕