(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា នៅទីក្រុងញ៉ូវដែល្លី នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ មេដឹកនាំអាស៊ាន-ឥណ្ឌា បានប្តេជ្ញាក្នុងការបន្តខិតខំប្រឹងប្រែ និងសហការអនុវត្ត ផែនការសកម្មភាព ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-ឥណ្ឌា សម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម (២០១៦-២០២០) ឲ្យបានពេញលេញ មានប្រសិទ្ធភាព និងទាន់ពេលវេលា។

កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានប្រារព្វ ពិធីបើកកជាផ្លូវការហើយ នៅរសៀល ថ្ងៃទី២៥មករា នៅទីក្រុងញ៉ូវដែល្លី សាធារណរដ្ឋឥណ្ឌា។ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំង១០ប្រទេស បានយាងនិងអញ្ជើញចូលរួម កិច្ចប្រជុំកំពូល ដ៏មានសារសំខាន់នោះ ក្រោមវត្តមាននៃការធ្វើគារវកិច្ចពី លោក រ៉ាំ ណាតកូវីន ប្រធានាធិបតីឥណ្ឌា និងភរិយា លោក វេនកាយអាស ណៃឌូ អនុប្រធានាធិបតី និងភរិយា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌា។ កិច្ចប្រជុំកំពូលនេះ បានប្រារព្វធ្វើឡើង ក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការ លំហសមុទ្រ និងសន្តិសុខ។

អំឡុងកិច្ចប្រជុំនោះ មេដឹកនាំទាំងអស់ក៏បានបន្តគាំទ្រ និងចូលរួមចំណែកដល់សមាហរណកម្មអាស៊ាន និងដំណើរការកសាងសហគមន៍អាស៊ាន ឆ្ពោះទៅរកការសម្រេច បាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។ ជាមួយគ្នានេះ មេដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីពីសារសំខាន់នៃការថែរក្សា និងលើក កម្ពស់សន្តិភាព ស្ថិរភាព សុវត្តិភាពនិងសន្តិសុខលំហរសមុទ្រ សេរីភាពនៃការធ្វើនាវាចរ និងការហោះហើរនៅក្នុងតំបន់ និងការប្រើប្រាស់ ដែនសមុទ្រ ស្របច្បាប់ដទៃទៀត និងការធ្វើពាណិជ្ជកម្មក្នុងលំហរសមុទ្រដោយមិនមានការរារាំង ដើម្បីលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ ស្របតាមគោលការណ៍ទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្ទីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) និងស្តង់ដារពាក់ព័ន្ធនឹងការអនុវត្តដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) និងអង្គការលំហរសមុទ្រអន្តរជាតិ(IMO)។

មេដឹកនាំអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន តាមរយៈការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើម សម្រាប់សមាហរណកម្មអាស៊ាន។

ថ្លែងទៅកាន់បណ្តាមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សមិទ្ធផល ដែលបានឡើង ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ជាមោទនភាពមួយសម្រាប់រូបសម្តេច ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១ កាលពីឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ និងបានដើរតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន-ឥណ្ឌាពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ក្នុងខណៈដែលឥណ្ឌា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា លើកទី១ នៅឆ្នាំ២០១២ និងបានចូលរួមចំណែក ដល់ការលើកកម្ពស់ភាពជាដៃគូអាស៊ាន-ឥណ្ឌា ទៅជាដៃគូយុទ្ធសាស្រ្ត។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមានការទាញអារម្មណ៍ពីមេដឹកនាំអាស៊ាន-ឥណ្ឌា ក្នុងការពិចារណាកំណត់នូវទិសដៅអនាគត លើការងារ សំខាន់ៗចំនួន៦ ដែលជាទិសដៅនិងជាចក្ខុវិស័យដ៏ត្រចះត្រចង់ នៃទំនាក់ទំនងអាស៊ាន ឥណ្ឌា។

សម្តេចតេជោក៏បានថ្លែងដែរថា កម្ពុជាគាំទ្រ និងបន្តចូលរួម ក្នុងសកម្មភាពនានា និងតាមរយយន្តការនានា ដែលមានស្រាប់នាំមុខដោយអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងបញ្ហាលំហសមុទ្រ បង្កើនទំនុកចិត្ត និងលើកកម្ពស់កិច្ចសន្ទនាក្នុងចំណោមភាគីពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការ សន្តិសុខ តាមសមុទ្រ ក្នុងការជួយសង្រ្គោះ ការរុករក ការស្រាវជ្រាវវិទ្យាសាស្រ្ត និងការប្រយុទ្ធប្រឆាំងនិង ចោរកម្មនៅក្នុងលំហសមុទ្រ។

ជាមួយគ្នានេះ កម្ពុជាស្វាគមន៍ទស្សនទានសេដ្ឋកិច្ចពណ៌ខៀវ (Blue Economy) ដើម្បីបង្កើមកិច្ចសហប្រតិបត្តិការលំហសមុទ្រ រវាងប្រទេស សមាជិកអាស៊ាន និងដៃគូសន្ទនា ក្នុងន័យបង្កើនការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចតំបន់ តាមរយៈការលើកស្ទួយសកម្មភាពរួម និងគម្រោងអភិវឌ្ឍន៍រួម ដែលជួយដល់ការលើកកម្ពស់ការទុកចិត្តគ្នាទៅវិញទៅមក។

នៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា មេដឹកនាំអាស៊ាន-ឥណ្ឌា បានឈានទៅចេញ សេចក្តីថ្លែងការណ៍ដែល្លី នៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួប២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា៕