(ភ្នំពេញ)៖ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានបញ្ជាក់ឲ្យដឹងថា រយៈពេលពេញមួយឆ្នាំ២០១៧ កម្ពុជាបានបោសសម្អាតមីននៅតាមបណ្តាខេត្តដែលមានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនច្រើនជាងគេគឺ ខេត្តបាត់ដំបង, ប៉ៃលិន និងបន្ទាយមានជ័យ ដោយចំណាយទឹកប្រាក់ ៤,១៩១,៣៤៧ដុល្លារអាមេរិក ក្នុងនោះបានបោសសម្អាតមីនដោយគិតជាផ្ទៃដីសរុបប្រមាណ២១.៦៨ គីឡូម៉ែត្រក្រឡាផ្ទៃ។

ការថ្លែងបញ្ជាក់បែបនេះរបស់ លោក លី ធុជ នៅក្នុងកិច្ចប្រជុំ «ក្រុមប្រឹក្សាភិបាល នៃគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣» នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ លោក Nick Beresford នាយក UNDP ប្រចាំនៅកម្ពុជា។

លោក លី ធុជ បានប​ញ្ជាក់យ៉ាងដូច្នោះថា «សម្រាប់ឆ្នាំ២០១៧ ថវិកាប្រមាណ ៤,១៩១,៣៤៧ដុល្លារ ដែលបានមកពីជំនួយប្រទេសអូស្ត្រាលី ស្វីស កាណាដា និង UNDP ធ្វើការបោសសម្អាតផ្ទៃដីបានប្រមាណ ២១.៦៨ គីឡូម៉ែត្រក្រឡា ដោយសំដៅទៅលើខេត្តដែលមានអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះច្រើន គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ»

បន្ថែមពីនេះលោកក៏បានស្នើសុំឲ្យប្រទេសម្ចាស់ជំនួយ បន្តជួយគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា រួមចំណែកជួយការងារមនុស្សធម៌ ដើម្បីឲ្យកម្ពុជាអាចធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យអស់ នៅត្រឹមឆ្នាំ២០២៥​ខាងមុខ។

ក្នុងកិច្ចប្រជុំនោះផងដែរ តំណាងដៃគូរអភិឌ្ឍន៍ លោក Nick Beresford នាយក UNDP ប្រចាំប្រទេសកម្ពុជា បានសាទរចំពោះដំណើការអនុវត្តដោយជោគជ័យ នូវគម្រោងបោសសម្អាតមីនក្នុងឆ្នាំ២០១៧ ហើយក៏បានគាំទ្រនូវការបន្តរួមគ្នា អនុវត្តការងារគម្រោងសម្រាប់ឆ្នាំ២០១៨ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ។

គួរបញ្ជាក់ថា «គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៣» មានរយៈពេល៤ឆ្នាំ ២០១៦-២០១៩ សម្រាប់ឆ្នាំ២០១៧ គម្រោងបានផ្តោតទៅលើចំនុចគន្លឹះ៣៖ ទី១៖ ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ទី២៖ ការបង្កើតប្រព័ន្ធត្រួតពិនិត្យ និងទី៣៖ការបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយរួមបញ្ចូលនូវគម្រោងកាត់បន្ថយផ្ទៃដី តាមរយៈការស្រាវជ្រាវមិនបច្ចេកទេស និងការគូសយកពហុកោណចំការមីនថ្មីៗ៕